(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅរាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើកទី៧ ស្តីពី «ការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ (2023 United Nation Peacekeeping Ministerial)»។កិច្ចប្រជុំនេះប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង Accra សាធារណរដ្ឋ Ghanna។

ពិធីនេះមានការអញ្ជើញអមដំណើរពីសំណាក់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម រួមទាំងគណៈប្រតិភូមួយចំនួនទៀត។

កិច្ចប្រជុំនេះ រៀបចំរៀងរាល់២ឆ្នាំម្តង ដោយមានការអញ្ជើញចូលរួមពីបណ្តាប្រទេសបរិច្ចាគកម្លាំងយោធា និងស៊ីវិល ក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

ក្នុងកិច្ចប្រជុំនេះផងដែរ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា នឹងផ្តោតសំខាន់ទៅលើការប្តេជ្ញារបស់កម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាព អ.ស.ប. និងសម្រេចបានលទ្ធផលល្អប្រសើរ ស្របតាមសេចក្តីថ្លែងការណ៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងមហាសន្និបាតលើកទី៧៨ របស់ អ.ស.ប. នៅទីក្រុងញ៉ូវយ៉ក អំពីការវបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជូនកម្លាំងមួកខៀវ សម្រាប់សកម្មភាពកសាងសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

អំឡុងពេលកិច្ចប្រជុំខាងលើនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏គ្រោងនឹងជួបពិភាក្សាទ្វេភាគីដោយ ឡែកពីគ្នា ជាមួយ អគ្គលេខាធិការរង អ.ស.ប. លោក Atul Khare ទទួលបន្ទុកគាំទ្រលើទីលាន និងលោក John Pierre Lacroix ទទួលបន្ទុកផ្នែករក្សាសន្តិភាព, រដ្ឋមន្រ្តីការពារជាតិ សាធារណរដ្ឋ Ghanna និង មេបញ្ជាការបេសកកម្ម UNMISS ,MINUSCA ឬ UNIFIL៕