(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ លោកស្រីពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោក Mr. Cyril GIROT នាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានសហការសម្ពោធ និងដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ ជូនវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។

ការសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍នាពេលនេះ ដើម្បីផ្តល់ចំណេះដឹងដល់យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស អាណាព្យាបាល លោកគ្រូអ្នកគ្រូ យល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ផ្លាកសញ្ញាចរាចរណ៍ ក្រមសីលធម៌ក្នុងការបើកបរ ចេះគោរពអ្នកដ៏ទៃពេលបើកបរដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងបណ្តុះបណ្តាលយុវជនកាកបាទក្រហមកម្ពុជា ឱ្យក្លាយជាកម្លាំងចលករក្នុងការអនុវត្តសកម្មភាពលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញការរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា អនុវត្ត និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែទូលាយ និងមានប្រសិទ្ធិភាពខ្ពស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០% នៅចុងឆ្នាំ២០៣០ តាមផែនការទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ២០២១-២០៣០។

ជាមួយគ្នានោះដែរ លោកស្រីអគ្គលេខាធិការ បានអំពាវនាវឱ្យយុវជន កាកបាទក្រហមកម្ពុជា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ សូមចូលរួមជាមួយកាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឱ្យទូលាយ ទៅដល់ក្រុមគ្រួសារ ឪពុក ម្តាយ បងប្អូន និងមិត្តភក្តិ និងសូមធ្វើជាគំរូក្នុងការគោរពផ្លាកសញ្ញាចរាចរណ៍ ច្បាប់ចរាចរណ៍ឱ្យបានភ្ជាប់ខ្ជួន។

ទន្ទឹមនឹងនោះ លោកស្រីអគ្គលេខាធិការ បានប្រគល់បណ្ណថ្លែងអំណរគុណដល់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដែលបានគាំទ្រថវិកាជូនកាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន សម្រាប់អនុវត្តសកម្មភាពលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា។

សូមរំលឹកជូនថា កាកបាទក្រហមកម្ពុជា នឹងបន្តកសាងសួនសុវត្ថិភាពចរាចរណ៍ ចំនួន២ទៀត នៅក្នុងគ្រឹះស្ថានសិក្សារដ្ឋ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រសីហនុ គាំទ្រដោយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា។

គូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាបានប្រគល់ជូនវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រួមមាន ផ្ទាំងបញ្ឈរធំៗដែលបំពាក់ផ្លាកសញ្ញាចរាចរាចរណ៍ ចំនួន៦ផ្ទាំងធំ ផ្លាកសញ្ញាបញ្ជារ ផ្លាកសញ្ញាបំរាម រនាំងសុវត្ថិភាពចំនួន២រនាំង ផូស្ទ័រមួកសុវត្ថិភាព២០០សន្លឹក បណ្ណប្រកាសមួកសុវត្ថិភាព ២,០០០សន្លឹក ចំណាំងផ្លាត់៤០០សន្លឹក មួកសុវត្ថិភាព ១០មួក សម្រាប់យុវជនប្រើប្រាស់ពេលចុះអប់រំផ្សព្វផ្សាយការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ជូនមិត្តរួមវិទ្យាល័យ និងប្រជាពលរដ្ឋ៕