(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការនូវអ្នកសង្កេតការណ៍ជាតិ សរុបចំនួន១០៧រូប មកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨ ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះ។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, គ.ជ.ប បានបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសដែលជាសមាជិកនៃសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប។

សូមជម្រាបថា គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមានផ្តល់ជូនដោយឥតគិតថ្ល ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh/khmer/content/7458) និងត្រូវដាក់ពាក្យនៅទីស្ដីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩) រៀងរាល់ម៉ោងធ្វើការពេលព្រឹក ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀល ពីម៉ោង ១៤:០០ ដល់ ១៧:៣០នាទី។

ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិប្រព្រឹត្តទៅពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕

ខាងក្រោមនេះជាបញ្ជីឈ្មោះផ្លូវការដែល គ.ជ.ប ទទួលស្គាល់៖