(ម៉ានីល)៖ ប្រធានក្រុមស៊ើបអង្កេតផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិបានប្រកាសថា លោកស្រីមានបំណងចង់ មកបំពេញទស្សនកិច្ច នៅហ្វីលីពីន ដើម្បីតាមដានមើលភាពជាក់ស្តែងនៃការ រំលោភសិទ្ធិមនុស្ស ជាពិសេសការសម្លាប់មនុស្ស ក្រៅប្រព័ន្ធតុលាការ ប៉ុន្តែរដ្ឋាភិបាលហ្វីលីពីនរបស់ ប្រធានាធិបតីលោក Rodrigo Duterte បានប្រើប្រាស់ពាក្យគ្រោតគ្រាត និងបញ្ជាក់ថាលោកស្រីនឹងមិន ទទួលបានការស្វាគមន៍នោះឡើយ។
សារព័ត៌មាន Channel News Asia ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១៦នេះ ដោយលើកឡើង នូវរបាយការណ៍ចុងក្រោយ របស់ប៉ូលិសហ្វីលីពីនថា ប៉ូលិសបាន បាញ់សម្លាប់ជនសង្ស័យ ៦៦៥នាក់ និង ក្រុមរត់ពន្ធគ្រឿងញៀន ៨៨៩នាក់។ លោកស្រី Agnes Callamard ប្រធានក្រុមសិទ្ធិមនុស្ស UN បានបញ្ជាក់ថាលោកស្រីរង់ចាំជានិច្ចនូវការអញ្ជើញពី រដ្ឋាភិបាល ហ្វីលីពីន ដើម្បីពិភាក្សាពីការព្រួយបារម្ភ របស់អន្តរជាតិ ជុំវិញសកម្មភាពហ្វីលីពីនខាងលើនេះ។
ទោះបីជាបែបនេះក្តី ប្រធានាធិបតីហ្វីលីពីន ធ្លាប់បានបញ្ជាក់ទាំងកំហឹងរួចមកហើយថា សូមកុំឲ្យស្ថាប័ន អន្តរជាតិមួយនេះលូកដៃចូលកិច្ចការផ្ទៃក្នុងហ្វីលីពីន។ លោក Duterte បានអះអាងថា លោកស្រី Agnes នឹងមិនបានទទួលការស្វាគមន៍នោះទេពេលមកដល់ហ្វីលីពីន។ គួរបញ្ជាក់ថា ការបាញ់ប្រហារជន សង្ស័យ និងក្រុមរត់ពន្ធគ្រឿងញៀនខាងលើនេះ គឺជាបញ្ជារបស់លោក Duterte ដែលចាប់អនុវត្តន៍ តាំងពីលោកបានឡើង កាន់តំណែងកាលពីថ្ងៃទី៣០ ខែមិថុនាមកម្ល៉េះ៕