(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ៦ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ (CIC) ជាមួយនឹងវិភាគទានច្បាប់ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់លើកទី៣ និងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមវគ្គ២ ចំនួន៤១ អង្គ/នាក់ នៅទីតាំងអគារការិយាល័យ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាពលោកមេធាវី លី រដ្ឋធី ប្រធានក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងលោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ ព្រមទាំងមានការចូលរួមពីព្រះសង្ឃ សាស្រ្តាចារ្យ ចៅក្រម មេធាវី ជំនួយការច្បាប់ និស្សិត និងភ្ញៀវកិត្តិយសទាំងអស់សរុបចំនួន៧១ អង្គ/នាក់ផងដែរ ។

គួរបញ្ជាក់ផងដែរថា ស្ថាប័នទាំងពីរធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់ចំនួន ២លើក រួចមកហើយ ពោលចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ ដោយបានផ្តល់នូវការបណ្តុះបណ្តាល ជាពិសេសផ្តោតសំខាន់ទៅលើមុខវិជ្ជារដ្ឋប្បវេណីជូនដល់ព្រះសង្ឃ បុគ្គលិក មេធាវី ជំនួយការផ្នែកច្បាប់ និស្សិត ឱ្យបានយល់កាន់តែច្បាស់អំពីមុខវិជ្ជានេះផងដែរ ។ ការចុះអនុស្សរណៈនៃការយោគយល់លើកទី៣ នេះមានគោលបំណងធំៗចំនួន ០៣ គឺ៖

១៖ រួមចំណែកក្នុងការផ្សព្វផ្សាយក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ព្រមទាំងច្បាប់ពាក់ព័ន្ធនឹងកិច្ចការរដ្ឋប្បវេណី ឱ្យកាន់តែទូលំទូលាយ មានភាពច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រកបវិជ្ជាជីវៈមេធាវីលើវិស័យរដ្ឋប្បវេណី ។
២៖ ចូលរួម និងបង្កើនការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់មេធាវី និងជំនួយការផ្នែកច្បាប់នៅក្នុងក្រុមហ៊ុនមេធាវី ទាក់ទងនឹងវិស័យរដ្ឋប្បវេណី ជាពិសេសការរៀបចំលិខិតស្នាមឱ្យស្របតាមទម្រង់ដែលច្បាប់បានកំណត់ ការធ្វើបច្ចុប្បន្នភាពអំពីច្បាប់ និងការពន្យល់អំពីច្បាប់ ជាអាទិ៍ ។
៣៖ ចូលរួមផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ តាមរយៈប្រព័ន្ធសារព័ត៌មាន ដែលមានលក្ខណៈស្តង់ដា និងមានវិសាលភាពផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទូទាំងព្រះរាជាណាចក្រកម្ពុជា ។

លោកមេធាវី លី រដ្ឋធី ប្រធានក្រុមហ៊ុនមេធាវី បានថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់លើកទី៣ នេះថា ក្រុមហ៊ុនមេធាវី CIC ពិតជាមានក្តីសោមនស្សរីករាយ ដែលបានសហការជាមួយ វិភាគទានច្បាប់ ដែលជាស្ថាប័នបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ដ៏មានសមត្ថភាព និងសក្តានុពល ពាក់ព័ន្ធនឹងវិស័យរដ្ឋប្បវេណី ថែមទាំងបានក្លាយទៅជាដៃគូសហការយ៉ាងស្អិតរមួត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងផ្សព្វផ្សាយច្បាប់រដ្ឋប្បវេណីផងដែរ ។

លោកមេធាវីបានបន្ថែមថា ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបតិ្តការអន្តរជាតិ រួមទាំងមេធាវី និងបុគ្គលិកទាំងអស់ ពិតជាមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំង ចំពោះឆន្ទៈ និងការលះបង់របស់ក្រុមការងារវិភាគទានច្បាប់ ជាពិសេស លោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ ដែលបានលះបង់នូវពេលវេលាដ៏មានតម្លៃ និងធនធាននានាក្នុងការស្រាវជ្រាវ ចងក្រងឯកសារ និងចែករំលែកនូវចំណេះដឹង ពាក់ព័ន្ធនឹងវិស័យរដ្ឋប្បវេណីដល់មេធាវី បុគ្គលិក បុគ្គលិកក្រុមហ៊ុនដៃគូ របស់
ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសិក្ខាកាមមួយចំនួនទៀត ដែលត្រូវបានជ្រើសរើសដោយស្ថាប័នទាំងពីរ ។

បន្ថែមពីនេះ លោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ បានបង្ហាញអំពីការសាទរចំពោះសកម្មភាពកន្លងមករបស់ស្ថាប័នទាំងពីរ ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក៏ដូចជាទៅពេលអនាគតផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះលោកស្រីមេធាវី បានបញ្ជាក់អំពីជំហរនៃការបន្តការសហការក្នុងនាមជាសហភាតា ដែលស្ថិតនៅក្នុងក្របខណ្ឌវិជ្ជាជីវៈជាមួយគ្នា ក៏ដូចជាស្ថាប័នដែលមានគោលបំណង និងចក្ខុវិស័យរួមគ្នា ពោលគឺ ការបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែមានភាពរីកចម្រើន និងវិសាលភាពធំទូលាយជាងនេះទៅទៀត ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ស្ថាប័នទាំងពីរ បានរៀបចំពិធីប្រគល់នូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលជាព្រះសង្ឃ បុគ្គលិក មេធាវី ជំនួយការផ្នែកច្បាប់ និស្សិត ដែលបានបំពេញគ្រប់លក្ខខណ្ឌនៃវគ្គបណ្តុះ
បណ្តាលនៅក្នុងអនុស្សរណៈនៃការយោគយល់លើកទី២ ចំនួន៤១ អង្គ/នាក់ ក្នុងនោះស្ត្រីចំនួន១៥ នាក់ ផងដែរ ព្រមទាំងមានការប្រគល់នូវវត្ថុអនុស្សាវរីយ៍រវាងស្ថាប័នទាំងពីរ ៕