(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ លោក THONGLOUN SISOULITH ប្រធានរដ្ឋឡាវ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេចរដ្ឋសភាធិបតី បាននិងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅទីក្រុងវៀងចន្ទន៍។

សម្តេចរដ្ឋសភាធិបតី បានជម្រាបប្រធានរដ្ឋ ពីលទ្ធផលនៃជំនួបពិភាក្សាការងារទ្វេភាគី រវាងសម្តេច និងលោកបណ្ឌិត SAYSOMPHONE PHOMVIHANE ប្រធានរដ្ឋសភាឡាវ កាលពីថ្ងៃទី៣ ខែធ្នូ ដោយទទួលបានលទ្ធផលជាទីមោទនៈ។ 

ជំនួបពិភាក្សារវាងប្រធានរដ្ឋសភាទំាងពីរធ្វើឡើងក្រោមបរិយាកាសដ៏ស្និទ្ធស្នាល ប្រកបដោយការជឿទឹកចិត្ត និងយោគយល់គ្នាជាលក្ខណៈបងប្អូន។​ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានប្តេជ្ញារួមគ្នាខិតខំលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទំាងពីរ ដែលមានស្រាប់ឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយថែមទៀត ទំាងខាងរដ្ឋសភានិងរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណានាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង។

សម្តេចបានសម្តែងការអបអរសាទរចំពោះសមិទ្ធផលនានា ដែលប្រទេសឡាវសម្រេចបាន នាពេលចុងក្រោយនេះ ជាពិសេសការប្រែក្លាយពីប្រទេសដីគោក ទៅជាប្រទេសដែលមានផ្លូវគមនាគមន៍ខ្វាត់ខ្វែង (Land-locked ទៅ Land-linked) ក្នុងការបម្រើដល់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជាការធ្វើពាណិជ្ជកម្មក្នុងតំបន់និងក្នុងសកលលោក។ ប្រទេសកម្ពុជានឹងគំាទ្រចូលរួមជាមួយគម្រោងដ៏ល្អរបស់ប្រទេសឡាវនេះដែរ។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរដល់ប្រទេសឡាវ ដែលបានរៀបចំកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកដំបូង ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង ដែលថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខា កាលពីឆ្នាំ២០២២។ សម្តេចបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលសភា CLV មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់តំបន់អភិវឌ្ឍន៍ត្រីកោណ ដែលរដ្ឋាភិបាលប្រទេសទំាងបីបានបង្កើតឡើងឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ទេសចរណ៍ និងឌីជីថល បម្រើដល់ផលប្រយោជន៍នៃប្រទេស និងប្រជាជនក្នុងប្រទេសទំាងបី។

លោក THONGLOUN SISOULITH បានចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ថាជាផ្នែកសំខាន់មួយនៅក្នុងការបន្តពូនជ្រំទំនាក់ទំនងដ៏ល្អរបស់ប្រទេសទំាងពីរឱ្យស្ថិតស្ថេរគង់វង្ស។ ឯកឧត្តមបានអបអរសាទរចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា កាលពីខែកក្កដាកន្លងមក ដែលនាំដល់ការបង្កើតបាននូវរដ្ឋាភិបាលនិងរដ្ឋសភាថ្មី ពោរពេញដោយសក្តានុពល ក្នុងការបម្រើប្រទេសជាតិ ធ្វើឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខជាលំដាប់។

លោកប្រធានរដ្ឋ ក៏បានចូលរួមអបអរសាទរ ជូនចំពោះសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភាអាណត្តិទី៧ និងជាស្រ្តីដំបូង ប្រកបដោយសមត្ថភាព ក្នុងការកាន់តួនាទីសំខាន់នេះ។

ឆ្លៀតឱកាសនោះ លោកប្រធានរដ្ឋ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខជូនថ្នាក់ដឹកនាំរបស់កម្ពុជា ទំាងជំនាន់មុខនិងពេលបច្ចុប្បន្ននេះ និងបានគូសបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនឡាវទំាងអស់ បានកំពុងទន្ទឹងចាំទទួលព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការយាងមកបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលខាងមុខ៕