(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារឰទិវាអបអសាទរ ខួបអនុស្សារីយ៍លើកទី៤៥ នៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ២០២៣ នៅសាលាខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តបន្ទាយមានជ័យ បានថ្លែងថា អង្គមិទ្ទិញនាពេលនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្ដើមរស់រានមានជីវិត របស់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស ២ ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឱ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែ រណសិរ្ស ២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការស្ដារកសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ដំណាក់កាល ធ្វើឱ្យមាតុភូមិកម្ពុជា ប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។

លោក អ៊ុំ រាត្រី បានបន្តថា ឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ កម្ពុជាបានប្រារព្ធពិធីខួបអនុស្សាវរយ៍លើកទី៧០ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បង្កក្ដីសោមនស្សរីករាយជូនប្រជាជនកម្ពុជាទូទាំងប្រទេស។

ទន្ទឹមនេះ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដំណើរការមហាសន្និបាតលើកទី៦ ដែលមានចក្ខុវិស័យវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ក្នុងការរួមចំណែកធ្វើឱ្យកម្ពុជា បានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ដើម្បីក្លាយ ទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០២៣៕