(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជួបពិភាក្សាការងារជាមួយយលោក វីទីត មុនតាបិន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបណ្តាញព័ត៌មាន ​Fresh News ទទួលបានមុននេះបន្តិច។

ជំនួបនេះនឹងធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា ស្ថិតអគារលេខ៣ ផ្លូវ IV.13 ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងដំណើរទស្សនកិច្ចលើកទី២ នៅកម្ពុជារបស់លោក វីទីត មុនតាប៊ន ភាគីទាំងពីរនឹងជជែកពិភាក្សាអំពីវឌ្ឍនភាពនៃស្ថានសិទ្ធិមនុស្សនៅកម្ពុជា សេចក្ដីព្រាងច្បាប់ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈ កម្មាធិការសិទ្ធិមនុស្សជាតិកម្ពុជា កិច្ចការ និងសមិទ្ធផលរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានបទមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស៕