(ភ្នំពេញ)៖ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានសមាសភាព៖ អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការតុលាការកំពូល អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត សរុបចំនួន៧រូប ចេញទៅចូលរួមសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥-០៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែធ្នូនេះ។

សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៣ រៀបចំឡើងក្រោមប្រធានបទ ស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ និងឧក្រិដ្ឋកម្មឆ្លងដែន» តបតាមការអញ្ជើញរបស់លោក លី មិញទ្ធី អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាកា រប្រជាជនសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

សូមគូសបញ្ជាក់ផងដែរថា សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមខាងមុខនេះ គឺធ្វើឡើងក្រោយពីខកខានក្នុងការរៀបចំប្រមាណ ០៤ឆ្នាំបន្តបន្ទាប់គ្នា ក្រោយពីព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ នៅខេត្តសៀមរាប កាលពីថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់»

គោលបំណងសំខាន់នៃ សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន គឺកំណត់ឱ្យបានច្បាស់នូវការតាំងចិត្ត ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងឆ្លងតំបន់ ដោយអំពាវនាវដល់ស្ថាប័នអយ្យការឱ្យសហការគ្នាឱ្យបានជិតស្និទ្ធិ ដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ភេរវកម្មហិរញ្ញវត្ថុ ការជួញដូរគ្រឿងញៀន ការរត់ពន្ធឆ្លងដែន អំពើពុករលួយ ឧក្រិដ្ឋកម្ម បច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង។

សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៣ខាងមុខនេះ គឺត្រូវបានចាត់ទុកជាវេទិកានៃមហាអយ្យការក្នុងតំបន់មួយ ពោលគឺ៖ អគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា និងប្រធានប្រតិភូមកពីបណ្តាប្រទេសអាស៊ាន និងប្រទេសចិន រួមគ្នាជជែក ចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ បង្ហាញនូវធាតុចូល និងឧត្តមានុវត្តន៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម បច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន។

លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល ដែលជាប្រធានប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងធ្វើបទអន្តរាគមន៍ចែករំលែកនូវបទពិសោធន៍របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែន និងលើកឡើងអំពីចំណុចដែលអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា និងប្រធានប្រតិភូដែលចូលរួមក្នុងសន្និសីទនេះ គប្បីធ្វើការរួមគ្នា បំពាក់នូវសមត្ថភាពរួមគ្នា បង្កើតនូវយន្តការការងារដែលមាន ប្រសិទ្ធិភាព និងធានានូវប្រសិទ្ធិផលការងារមួយរួមគ្នា ដើម្បីក្លាយជាផែនទីចង្អុលផ្លូវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុង តំបន់របស់យើង។

ចុងបញ្ចប់នៃ សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៣ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន នឹងចេញនូវ សេចក្តីប្រកាសរួមមួយ ដែលជាឧបករណ៍គតិយុត្តមួយ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ទប់ស្កាត់ និងប្រយុទ្ធ ប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ហើយស្របទៅនឹងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕