(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញបើកវិញ្ញាសានៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំ២០១៦ នៅម៉ោង៧៖០០ព្រឹក ថ្ងៃទី២២ ខែសីហា ស្អែកនេះ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ។
ការប្រឡងបាក់ឌុប សម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦ នឹងធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ដោយក្នុងនោះមានបេក្ខជន សរុប៩៣,៧៥២នាក់ (ស្រី៤៥,២៣៧នាក់) ចែកជា១៥៧ មណ្ឌលសំណេរ ត្រូវជា ៣,៧៨១បន្ទប់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យបេក្ខជនទាំងអស់ គោរពតាមបទបញ្ញត្តិនៃការប្រឡង នៃការប្រឡងនេះ ដោយជៀសវាងនូវការយក សំណៅឯកសារឬបច្ចេកវិទ្យាផ្សេងៗ ចូលក្នុងបន្ទប់ប្រឡង។ លោកថាការប្រឡងនេះ នឹងមានភាពតឹងរឹង និងសុក្រិដ្ឋដូចការប្រឡង ២ឆ្នាំកន្លងទៅដែរ៕