(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមកអង្គប្រជុំ គ.ជ.ប បានពិនិត្យ និងសម្រេចដូចខាងក្រោម៖

*១៖ ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន៨ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

*២៖ កែសម្រួលចំណុចមួយចំនួន និងឯកភាពជាគោលការណ៍លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

*៣៖ ឯកភាពលើឯកសារសម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

*៤៖ សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ គ.ជ.ប សម្រេចទុកពិនិត្យ និងកែសម្រួលនៅពេលក្រោយ។

*៥៖ ក្នុងរបៀបវារៈផ្សេងៗ អង្គប្រជុំ គ.ជ.ប បានស្តាប់សេចក្តីរាយការណ៍របស់អង្គភា ពជំនាញអំពីការដាក់ ការទទួល ការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០២៣ មានបណ្តឹងតវ៉ា និងបណ្តឹងជំទាស់សរុបចំនួន ៩បណ្តឹងនៅថ្នាក់ឃុំ សង្កាត់ ហើយត្រូវបានក្រុមប្រឹក្សាឃុំ សង្កាត់ដោះស្រាយពាក្យបណ្តឹងទាំងនោះដោយសម្រេចយល់ព្រម។

យោងតាមប្រតិទិននៃការបោះឆ្នោត គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើ សក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤៕