(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសហស្ថាបនិកនៃគម្រោងស្អាត បានលើកឡើងថា យុទ្ធនាការភ្នំពេញស្អាត បានកំពុងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីបិទយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣ នៅមជ្ឃមណ្ឌលមានី(KAMPUS) តំណាងក្រសួងស្ថាប័នមួយចំនួន ក្រុមហ៊ុនឯកជន សមាគមអង្គការសង្គមស៊ីវិល យុវជនសុច្ឆន្ទៈស្អាតជាច្រើនរូប។

នាឱកាសនេះដែរ លោក ហ៊ុន ម៉ានី ដែលជាសហស្ថាបនិកនៃគម្រោងស្អាត បានថ្លែងថា គម្រោងស្អាតត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំតួរអង្គពាក់ព័ន្ធបង្កើតឱ្យមានសំឡេងតែមួយពីសំណាក់ស្ថាប័នអង្គភាពគ្រប់លំដាប់ថ្នាក់ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមគ្នាក្នុងការចូលរួមចំណែកលើកកម្ពស់បរិស្ថាន និងការបញ្ច្រាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមស្តីពី ការទប់ស្កាត់សំរាមឱ្យបានត្រឹមត្រូវ ទៅដល់សាធារណជនគ្រប់ស្រទាប់ ក៏ដូចជាការបំផុសស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា និងលើកកម្ពស់សោភណ្ឌភាពប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមមួយកម្រិតទៀត។

លោកបានបន្ដថា យុទ្ធនាការភ្នំពេញស្អាត បានកំពុងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលកន្លងមក និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេស ជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការចូលរួមដោះស្រាយបញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញ។

ជាក់ស្ដែង យុទ្ធនាការភ្នំពេញស្អាត បានផ្ដោតលើសកម្មភាពធំៗចំនួន៤ រួមមាន៖ ទី១៖ ចិត្តខ្ញុំស្អាត ខ្មែរស្អាត, ទី២៖ ការងារខ្ញុំស្អាត ខ្មែរស្អាត,ទី៣៖ ខ្ញុំទំពាំងស្អាត ខ្មែរស្អាត និងទី៤៖ ធុរកិច្ចយើងស្អាត ខ្មែរស្អាត។ នៅឆ្នាំ២០២៣ «យុទ្ធនាការភ្នំពេញស្អាត» មានការដាក់ចេញនូវគម្រោងផែនការសកម្មភាពចំនួនបួនធំៗក្រោមទិសស្លោក «សីលធម៌យើង ប្រពៃណីខ្មែរយើងថ្លាថ្លៃ» ផ្ដោតសំខាន់លើការបជ្រោបសារអប់រំ ដើម្បីលើកតម្កើនវប្បធម៌ និងសីលធម៌សមរម្យ។

គម្រោងស្អាតបានក្លាយទៅជាយុទ្ធការថ្មីបន្ថែម សម្រាប់ការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរក និងបង្កើតដំណោះស្រាយជូនសង្គមជាតិ ទាំងសោភណ្ឌភាព បរិស្ថាន ក៏ដូចជាការចូលរួមលើកទឹកចិត្ដ និងផ្ដល់ភាពជាគំរូ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យចេះមានទំនួលខុសត្រូវលើការគ្រប់គ្រងសំរាមដោយខ្លួនឯង ដោយបន្ដផ្សព្វផ្សាយទៅការអ្នកដទៃ។ ជាពិសេស យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៣ បាននាំមកនូវបេសកកម្មថ្មីដល់យុវជន ទាំងការបញ្ជ្រាបសារអប់រំការលើកតម្ដើងវប្បធម៌ និងសីលធម៌សង្គម សកម្មភាពទាំងនេះ បានផ្ដល់ផលវិជ្ជមានដោយផ្ទាល់ដល់អ្នកចូលរួម ផ្ដល់ផលប្រយោជន៍ដល់ប្រយោលដល់អ្នកចូលរួម ដោយមានយុវជនប្រកដដោយសម័តភាព មានសីលធម៍ល្អប្រពៃ៕