(ភ្នំពេញ)៖ យុវជន ២នាក់ ដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈរំខានដែលនឹងអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួន ធ្វើការអប់រំណែនាំ និងចាប់ដោះកង់មុខចេញហើយឱ្យម្ចាស់ ម៉ូតូកាន់កង់មុខ លោតជុំវិញដងទង់ជាតិ ទើបអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

កាលឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២:៣៥នាទីរំលង់អាធ្រាត្រ ត្រូវកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ជាក់ស្តែងពីបទបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវសារធារណៈ ដែលបង្ហោះនៅចំណុច បណ្តោយផ្លូវកម្ពុជាក្រោយ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស០២នាក់ខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី។

ក្រោយពីបានសាកសួរចម្លើយចប់សព្វគ្រប់ ដោយបានបញ្ជាពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យយុវជនទាំង២នាក់នេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានអាណាព្យាបាលជាអ្នកមកធានា និងចុះកិច្ចសន្យាអប់កុំឱ្យមានលើកក្រោយទៀត។

យុវជនទាំង០២នាក់មានឈ្មោះដូចខាងក្រោម៖

១៖ ឈ្មោះ ម៉ូក ម៉ុន ហៅ ម៉ុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិតហាងនំប៉័ង ស្នាក់នៅក្នុងហាងនំប៉័ង ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ (ជាអ្នកជិះពីក្រោយ)

២៖ ឈ្មោះ សេង រក្សា ហៅ តូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅនៅតូបមិនចាំលេខ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ (ជាអ្នកបង្ហោះម៉ូតូ)

សម្ភារចាប់យករួមមាន ម៉ូតូ០១គ្រឿងម៉ាក Honda dream c125 ពណ៌ស ពាក់ស្នាក់លេខកំពងធំ 1N-0715 មានលេខតួ និងម៉ាស៊ីន 9019370 (ចាប់ហកពីឈ្មោះ សេង រក្សា ហៅ តូ)។ បច្ចុប្បន្ន យុវជនទាំង២នាក់ខាងលើ បានវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ៕