(អង់ការ៉ា)៖ ការបំផ្ទុះមួយបានកើនឡើង នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ដែលបានប្រព្រឹត្តទៅនៅក្នុងស្រុក Sahinbey នៃខេត្ត Gaziantep ភាគខាងត្បូងប្រទេសតួកគី បានបណ្តាលឲ្យមនុស្ស ២២នាក់ស្លាប់ និង ៩៤នាក់រងរបួស ដែលគេសង្ស័យថាអាចជាប់ពាក់ព័ន្ធ បណ្តាញភេរវករ ISIS។ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១៦។
លោក Samil Tayya អនុប្រធានគណបក្សកាន់អំណាចតួកគី AK Party បានសរសេរបង្ហោះ នៅក្នុងបណ្តាញសង្គម Twitter របស់លោកថា ការវាយប្រហារខាងលើនេះ គឺត្រូវបានធ្វើឡើងដោយ បណ្តាញក្រុមរដ្ឋអ៊ីស្លាម ISIS។ ដោយឡែកឧបនាយករដ្ឋមន្ត្រីតួកគីលោក Mehmet Simsek បាន អះអាងថាវាជាការបំផ្ទុះគ្រាប់បែកអត្តឃាត ហើយមនុស្សស្លាប់ នឹងបន្តកើនឡើងថែមទៀត។
គួរបញ្ជាក់ថា ការបំផ្ទុះបានកើតឡើងកាលពីវេលាម៉ោង ២២៖៤០នាទីយប់ថ្ងៃសៅរ៍ ម៉ោងនៅទីក្រុង អង់ការ៉ា ទៅលើទីក្រុងដែលស្ថិតនៅក្បែរ មូលដ្ឋានពួក ឃើដ។ ក្រុមគ្រួសារដែលរៀបចំពិធីរៀបការ ខាងលើនេះ គឺបានធ្វើដំណើរមកពីភាគខាងកើតតួកគី៕