(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឃាត់ជនសង្ស័យចំនួន៦នាក់ ដែលបន្លំធ្វើជាព្រះសង្ឃ ដើរប្រមូលបច្ច័យប្រជាពុទ្ធបរិស័ទ នៅចំណុចភោជនីយដ្ឋានម៉ាម៉ា ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

ប្រតិបត្តិការនេះ បានធ្វើឡើងដោយមានការចង្អុលបង្ហាញ ពីលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងក្រោមការសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងខេត្តព្រះសីហនុ។

ក្រោយទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានចុះស្រាវជ្រាវ និងឃាត់បានជនសង្ស័យទាំងនេះ ដែលកំពុងដើរប្រមូលបច្ច័យពីប្រជាពុទ្ធបរិស័ទយ៉ាងសកម្ម បង្កឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

បច្ចុប្បន្នជនសង្ស័យកំពុងសួរនាំបន្តនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង និងចាត់វិធានការតាមនីតិវិធីច្បាប់តាមពេលក្រោយ៕