(កំពង់ធំ)៖ ក្រុមកីឡាករ កីឡាការិនី ចម្រុះជាតិសាសន៍មកពី២២ប្រទេស បានចូលរួមរត់ប្រណាំងបែបទេសចរណ៍វប្បធម៌បុរាណប្រវត្តិសាស្ត្រចម្ងាយ ២២០គីឡូម៉ែត្រ ដោយចាប់ផ្តើមពីចេញខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។

លោក ស្តេហ្វេន ប៊ែតហ៊្សែល Stefan Betzelt ជនជាតិអាល្លឺម៉ង់ (German) ដឹកនាំក្រុមការងាររត់ប្រណាំងចម្ងាយ ២២គីឡូម៉ែត្រ ដោយចាប់ផ្ដើមពីទីរួមខេត្តកំពង់ធំ ឆ្លងកាត់ខេត្តព្រះវិហារ និងបញ្ចប់នៅលើទឹកដីសៀមរាបអង្គរ ដែលមានកីឡាកររត់ប្រណាំងចម្រុះជាតិសាសន៍ទាំងអស់ (The runners) ចំនួន២២ប្រទេស។

លោក ស្តេហ្វេន ប៊ែតហ្សែល (Stefan Betzelt) បានលើកឡើងថា លោកពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួម នៅក្នុងក្រុមរត់ប្រណាំងចម្រុះជាតិសាសន៍នេះ ដោយធ្វើដំណើរឆ្លងកាត់ផ្លូវបុរាណ ដែលពោពេញទៅដោយរមណីយដ្ឋានវប្បធម៌ ទីកន្លែងប្រវត្តិសាស្រ្តតំបន់ប្រាសាទ អច្ឆរិយៈ រមណីយដ្ឋានទឹកធ្លាក់នានា និងដោយមានការស្វាគមន៍ពីបងប្អូនប្រជាជនកម្ពុជាយ៉ាងច្រើនកុះករទៀតផង។

លោកបានបន្តថា សម្រាប់ខេត្តកំពង់ធំ គឺធ្វើដំណើរលើផ្លូវប្រវែង៣២គីឡូម៉ែត្រ ដោយចេញពីម៉ោង៧.០០នាទី នៅចំណុចវត្តក្រពើចាស់ភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ដល់ភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ។

លោកបាននិយាយថា នេះគឺជាលើកទី១០ នៃការត្រឡប់មកវិញរបស់លោកតាមរយៈក្រុមហ៊ុន Global Limit ហើយអ្វីដែលធ្វើលោកដក់ជាប់មិនអាចបំភ្លេចបាននោះ គឺប្រទេសកម្ពុជាសម្បូរទៅដោយទីកន្លែងវប្បធម៌បុរាណ រមណីយដ្ឋានប្រវត្តិសាស្ត្រ ព្រមទាំងតំបន់អច្ឆរិយៈផ្សេងៗទៀតដែលបានបង្ហាញអំពីភាពអស្ចារ្យរបស់បុព្វបុរសខ្មែរសម័យមុន។

លោកបានបន្ថែមទៀតថា ការរត់ប្រណាំងនេះគឺបានឆ្លងកាត់ផ្លូវបុរាណគ្រប់ច្រកល្ហកព្រមទាំងឆ្លងកាត់ភូមិ ឃុំឆ្ងាយៗដែលអ្នកភូមិខ្លះសឹងតែមិនដែលស្គាល់ជនជាតិបរទេសផង ហើយបានចូលរួមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ ក្តៅទៀតផង។ មិនតែប៉ុណ្ណោះលោកនឹងខិតខំផ្សព្វផ្សាយ និងកៀរគរដល់សមាជិកក្រុមអ្នករត់ប្រណាំងទាំងក្នុងស្រុក និងក្រៅស្រុកឱ្យចូលរួមគាំទ្រឱ្យបានផុសផុលដើម្បីលើកស្ទួយការរត់ប្រណាំងបែបទេសចរណ៍វប្បធម៌ មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើងៗសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

កីឡាករជនជាតិអាល្លឺម៉ង់រូបនេះ បានបញ្ជាក់ថា ក្តីប្រាថ្នារបស់លោក គឺចង់ឱ្យប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព ព្រមទាំងសិក្សាស្វែងយល់បន្ថែមទៀតអំពីតំបន់ប្រវត្តិសាស្រ្តវប្បធម៌បុរាណនានា ដែលមានសារៈសំខាន់បំផុត និងជាព្រលឹងជាតិខ្មែរដ៏រុងរឿងព្រមទាំងចូលរួមបណ្ដុះបណ្ដាល និងបង្ហាត់បង្រៀនដល់ក្មេងៗជំនាន់ក្រោយ ព្រមទាំងជួយថែរក្សាការពារសម្បត្តិវប្បធម៌បូរាណប្រវត្តិសាស្ត្រនេះឱ្យបានគង់វង្សជារៀងរហូត៕