(ឡាវ)៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោយកិច្ចប្រជុំទ្វេភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយ លោកបណ្ឌិត Xaysomphone Phomvihane​ ប្រធានរដ្ឋសភាឡាវ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយ លោក Sanya Praseuth ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាឡាវ ដើម្បីពិភាក្សាអំពីសកម្មភាពដែលត្រូវអនុវត្តបន្ត ដោយទទួលបានលទ្ធផលសំខាន់ៗរួមមាន៖

• ភាគីទាំងពីរស្វាគមន៍ទំនាក់ទំនងជាប្រពៃណីនៃការផ្លាស់ប្តូរទៅវិញទៅមក កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដោយបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាសភាតំបន់និងអន្តរជាតិ។

• រដ្ឋសភាទាំងពីរនឹងបន្តសហការគ្នាអនុវត្តអនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខារួចហើយ រវាងរដ្ឋសភាទាំងពីរ និងបន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានព្រមព្រៀងរួចហើយ។ ភាគីទាំងពីរក៏បានកោតសសើរអំពីការផ្លាស់ប្តូរក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ដែលបានសហការគ្នាយ៉ាងល្អក្នុងវិស័យវប្បធម៌ អប់រំ កីឡា និងទេសចរណ៍។

• ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងជំនួបកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ដែលកិច្ចប្រជុំលើកទី១ នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសឡាវ។ សភានៃប្រទេសទាំងបី បានផ្តោតការយកចិត្តទុកដាក់ខ្លាំងក្នុងការបង្កើនប្រសិទ្ធភាព និងការឆ្លើយតបទៅនឹងផែនការមេ ដែលរដ្ឋាភិបាលនៃប្រទេសទាំងបីបាននិងកំពុងសហការអនុវត្ត ក្នុងគោលដៅការពារសន្តិភាព និងជំរុញវិបុលភាពនៃប្រជាជនប្រទេសទាំងបី ជាពិសេស ការតាមដានការអនុវត្តការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកម្ពុជា-ឡាវ-វៀតណាម នៅតំបន់ត្រីកោណអភិវឌ្ឍន៍ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិ សេដ្ឋកិច្ច-សង្គម-វប្បធម៌ ពាណិជ្ជកម្ម និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ ភាគីទាំងពីរសង្ឃឹមថា កិច្ចប្រជុំកំពូលសភា CLV លើកទី១នេះ ក៏នឹងឈានទៅបង្កើតសមាគមន៍សមាជិកសភាមកពីខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ផងដែរ។

មុននឹងបញ្ចប់ ភាគីទាំងពីរក៏បានជូនដំណឹងគ្នាទៅវិញទៅមក អំពីផែនការសកម្មភាពឆ្នាំ២០២៤ ដែលប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (45th AIPA) នៅខែតុលា ហើយភាគីកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃអង្គប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) នៅខែមិថុនា៕