(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ យានយន្តអគ្គិសនី ដែលបានចុះបញ្ជីនៅកម្ពុជាមានប្រមាណ ១១៦២គ្រឿង ក្នុងនោះរថយន្តមានចំនួន ៥៧៣គ្រឿង ម៉ូតូកង់បីមានចំនួន ៣៨៧គ្រឿង និងម៉ូតូមានចំនួន ២០២គ្រឿង។
លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា បើប្រៀបធៀបរវាងការចុះបញ្ជីយានយន្តអគ្គិសនីក្នុងឆ្នាំ២០២២ និងឆ្នាំ២០២១ គឺមានកំណើនគួរឱ្យកត់សម្គាល់ដោយក្នុងឆ្នាំ២០២២ យានយន្តអគ្គិសនីដែលបានចុះមានចំនួន ៦៦២គ្រឿង និងឆ្នាំ២០២១ មានចំនួន ៦៣គ្រឿង ពោលគឺមានកំណើនប្រមាណ ៩៥១%។
ប្រភេទរថយន្តអគ្គិសនី ដែលបានចុះបញ្ជី មានដូចជា BYD, TESLA, BMW, LETIN, HONGQI, WULING, LEVDEO, JAC, E-GREEN និង JAGUAR។
លោកបានគូសបញ្ជាក់ថា កំណើននៃការប្រើប្រាស់យានយន្តអគ្គសនីនៅកម្ពុជានេះ ដោយមានការចូលរួមពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងដោយសារប្រជាពលរដ្ឋមានការយល់ដឹងពីគុណប្រយោជន៍ នៃការប្រើប្រាស់យានយន្តអគ្គិសនី មានផលចំណេញច្រើន បើធៀបជាមួយការប្រើប្រាស់យានយន្តចំហេះក្នុង។
លោកមានប្រសាសន៍បន្ថែមថា «ការអភិវឌ្ឍ និងកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី គឺជាផ្នែកមួយមិនអាចខ្វះបាននៃដំណើរការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវគោកនៅកម្ពុជា ក៏ដូចជាវិស័យសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល ជាពិសេសជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា ដែលចំណាយប្រាក់ជាច្រើន ក្នុងការទិញប្រេងឥន្ធនៈដែលកំពុងឡើងថ្លៃ នាពេលបច្ចុប្បន្នសម្រាប់ចាក់យានយន្តរបស់ខ្លួន។ បើយើងធ្វើការប្រៀបធៀបផលចំណេញ នៃការប្រើប្រាស់យានយន្តអគ្គិសនី និងយានយន្តប្រើប្រេងឥន្ធនៈ ឃើញថាយានយន្តអគ្គិសនី មានភាពចំណេញច្រើនជាងយានយន្តធម្មតាដល់ទៅ៣ដង ឧទាហរណ៍៖ ក្នុងការបញ្ចូលថាមពលពេញជាមធ្យមមាន 50kWh មានតម្លៃ២០ដុល្លារដោយ យានយន្តអគ្គិសនីអាចបើកបរបានចំងាយ ៤០០គីឡូម៉ែត្រ ប្រសិនបើរថយន្តដែលប្រេងឥន្ធនៈក្នុងចំណាយ ៤០០គីឡូម៉ែត្រ នោះនឹងចំណាយជាមធ្យមប្រមាណ៦០ដុល្លារ។
ចំពោះការជួសជុលថែទាំវិញ រថយន្តអគ្គិសនី គឺមានការចំណាយតិច បើធៀបជាមួយការប្រើយានយន្តដើរដោយប្រេងឥន្ធនៈ (ម៉ាស៊ីនចំហេះក្នុង) មានចំនុចខុសគ្នាពី ២០,០០០ ទៅ ៣០,០០០ ចំនុច ជាពិសេសមិនបាច់បារម្ភពីការប្តូរប្រេងម៉ាស៊ីន ខូចប្រព័ន្ធភ្លើង ប្រព័ន្ធទឹកក្នុងម៉ាស៊ីនជាដើម។
លោកបន្តទៀតថា ស្របតាមការកំណត់ទិសដៅជាក់លាក់ ដែលមានចែងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពនៃការរួមចំណែករបស់ជាតិ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹត្យកាបូននៅកម្ពុជាឆ្នាំ២០៥០ និងនិន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនី របស់ពិភពលោក និងក្នុងតំបន់ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និងវិធានការចាំបាច់នានា ដើម្បីឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា ៤០% និងទោចក្រយានយន្ត (ម៉ូតូ) អគ្គិសនីក្នុងអត្រា ៧០% នៅឆ្នាំ២០៥០។
រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានខិតខំជំរុញក្នុងការបង្កើនហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាការបង្កើតស្ថានីយសាកយានយន្តឱ្យបានច្រើនបន្ថែមទៀត នៅតាមរាជធានី-ខេត្ត ដោយសព្វថ្ងៃនេះមានចំនួន ១៨ទីតាំង និង២៣ស្ថានីយសាក (ទូសាក) ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់យានយន្តអគ្គិសនី ដែលយើងខិតខំពង្រីកបន្ថែមទៀតឱ្យបានច្រើននៅតាមខេត្ត តំបន់ឆ្ងាយៗ ក៏ដូចជានៅតាមផ្លូវជាតិសំខាន់ៗ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញលើកទឹកចិត្ដដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យងាកមកប្រើប្រាស់យានយន្ដអគ្គិសនី (EV) ដើម្បីបង្កើនប្រសិទ្ធិភាព ក្នុងការប្រើប្រាស់ថាមពល និងកាត់បន្ថយការចំណាយផងដែរ៕