(សៀមរាប)៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញជំនឿថា ទំនាក់ទំនងរវាងជប៉ុន-កម្ពុជា កាន់តែល្អប្រសើរឡើង បន្ទាប់ពីព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងកម្ពុជា-ជប៉ុន បានរៀបចំឡើង នៅខេត្តសៀមរាប។

ការលើកឡើងបែបនេះរបស់ឯកអគ្គរាជទូតជប៉ុន បានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងកម្ពុជា-ជប៉ុន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសជប៉ុន មារការផ្ដួចផ្ដើមពីសមាគមជនជាតិជប៉ុននៅកម្ពុជា និងសហការរៀបចំជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង រៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងកម្ពុជា-ជប៉ុន ដែលគាំទ្រដោយស្ថានទូតជប៉ុនប្រចាំ នៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា សមាគម កាន់សៃ.អូសាកា សតវត្សន៍ទី២១ (មូលនិធិរំលឹកដល់ពិព័រណ៍ពិភពលោកឆ្នាំ១៩៧០) នៅរាត្រីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។ 

ព្រឹត្តិការណ៍នេះ ក្រោយវត្តមានរបស់លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប, លោក កូអ៊ូជិ តាគូម៉ា ប្រធានសមាគមជនជាតិជប៉ុននៅកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះដែរឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា បានបង្ហាញក្តីសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងកម្មវិធីនេះ ដែលជា កម្មវិធីប្រារព្ធឡើងជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ រំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា ហើយនៅក្នុងឆ្នាំដ៏គួរឱ្យចងចាំនេះ កម្មវិធីផ្លាស់ប្តូរវប្បធម៌ រវាងជប៉ុន និងកម្ពុជា ដែលបានប្រារព្ធឡើងនៅមុខប្រាសាទបាយ័ន ដែលជាតំបន់បេតិកភណ្ឌ វប្បធម៌ពិភពលោក។ លោកក៏បានអរគុណចំពោះការខិតខំប្រឹងប្រែង និងការយោគយល់របស់លោក លោកស្រីដែលពាក់ព័ន្ធព្រឹត្តិការណ៍នេះ ក្នុងការប្រារព្ធព្រឹត្តិការណ៍នេះឡើងនៅរមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរដោយមានការ អនុញ្ញាតជាពិសេសផងដែរ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបន្តថា ប្រទេសជប៉ុន ជាសហប្រធានជាមួយប្រទេសបារាំង នៃគណៈកម្មាធិការសម្រប សម្រួលអន្តរជាតិ (ICC-Angkor) ដែលជាក្របខណ្ឌអន្តរជាតិសម្រាប់ការអភិរក្ស និងជួសជុលប្រាសាទអង្គរ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីការពារបេតិកភណ្ឌវប្បធម៌។ ដោយឡែកកាលពីខែមុន លោកក៏បានចូលរួមកិច្ចប្រជុំICC ដែលបានធ្វើឡើងនៅទី ក្រុងប៉ារីស ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ស្របពេលអបអរសារទរខួបលើកទី៣០របស់ICC ដែលមានការពិភាក្សាយ៉ាងរស់រវើក ក្នុងចំណោមភាគីពាក់ព័ន្ធទាក់ទងនឹងសកម្មភាពនាពេលអនាគត។ ក្នុងឆ្នាំដ៏សំខាន់នេះ វាមានអត្ថន័យ យ៉ាងជ្រាលជ្រៅដែលព្រឹត្តិការណ៍មួយត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួបលើកទី៧០ នៃមិត្តភាព រវាងប្រទេសជប៉ុន និងកម្ពុជា នៅទីនេះនៅរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។

លោកក៏សង្ឃឹមថា ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា មិនត្រឹមតែជាទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែរួមមានទាំងកិច្ចខិតខំប្រឹងប្រែងដោយក្រុមហ៊ុនឯកជន និងអង្គការនានា ហើយនៅពេលដែលប្រជាជននៃប្រទេសទាំងពីរ បានពង្រឹងទំនាក់ទំនងរបស់ពួកគេតាមមធ្យោបាយផ្សេងៗ ពួកគេក៏បានអភិវឌ្ឍទៅជាទំនាក់ទំនងដ៏ល្អជាមួយនឹងជំនឿទុកចិត្តយ៉ាងរឹងមាំ។

ឯកអគ្គរាជទូតជប៉ុនរូបនេះបានគូសបញ្ជាក់ថា ក្នុងឱកាសខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា នៅឆ្នាំនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានធ្វើឱ្យប្រសើរឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ហើយប្រជាជនកាន់តែច្រើននឹងយកព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌នេះ ជាឱកាសមួយដើម្បីឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងជប៉ុន-កម្ពុជាកន្លងមក ហើយស្ថានទូតជប៉ុន ក៏ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធានាបាននូវទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ឈានដល់កម្រិតកាន់តែខ្ពស់។

លោក ហង់ ពៅ បានលើកឡើងថា ការថែរក្សា ជួសជុល និងអភិវឌ្ឍរមណីយដ្ឋានអង្គរ មិនអាចទទួលបានជោគជ័យបានទេ ប្រសិនបើគ្មានកិច្ចសហការជិតស្និទ្ធពីស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសរដ្ឋាភិបាល ជប៉ុន ដែលមានតួនាទីយ៉ាងសកម្មជាសហប្រធាន ICC-Angkor តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន និង១០ឆ្នាំទៀតខាងមុខ ដូចដែលត្រូវបានប្រកាសជាផ្លូវការនៅក្នុងសេចក្តីប្រកាស ក្នុងអំឡុងពេលសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ នៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

លោក ហង់ ពៅ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណ យ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលជប៉ុន ស្ថាប័នសាធារណៈ និងឯកជននៃប្រទេសជប៉ុន ជាពិសេសចំពោះឯកអគ្គរាជទូត ដែលតែងតែផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់ចំពោះ ការការពារ និងអភិរក្សរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផង​ដែរ៕