(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី៤ ខែធ្នូ ២០២៣ បានជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូ ទីក្រុងរីចាវ ខេត្តសានទុង នៃសាធារណះរដ្ឋប្រជាមានិតចិន ដែលចុះមកសិក្សាស្វែងយល់ ពីសក្តានុពលសេដ្ឋកិច្ច នៅក្នុងខេត្តក្រចេះ របស់កម្ពុជា។

ក្នុងជំនួបពិភាក្សានោះលោក វ៉ា ថន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំទីក្រុងរីចាវ និងប្រតិភូអមដំណើរទាំងអស់ ដែលបានចំណាយពេលវេលាធ្វើដំណើរដ៏វែងឆ្ងាយអញ្ជើញមកខេត្តក្រចេះផ្ទាល់ដើម្បី ពិភាក្សាការងារ និងទស្សនកិច្ចតំបន់សក្តានុពលសេដ្ឋកិច្ចសំខាន់ៗរបស់ខេត្តក្រចេះ។

លោកសូមស្វាគមន៍យ៉ាងកក់ក្តៅ និងត្រៀមខ្លួនជាស្រេចក្នុងការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងគ្នាស្របតាមចំណងមិត្តភាពស៊ីជម្រៅ និងគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសទាំងពីរ។

លោកអភិបាលខេត្ត បានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុន សហគ្រាសជាច្រើនមកពីបណ្តាខេត្តនានា នៃសាធារណៈរដ្ឋប្រជាមានិតចិន បានមកធ្វើការវិនិយោគ និងកំពុងបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាមួយ ប្រទេសកម្ពុជាលើគ្រប់វិស័យកាន់តែរឹងមាំថែមទៀត។ លោកថា ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិរបស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ជូនប្រជាជនកម្ពុជាររស់រយៈពេល៤៤ឆ្នាំកន្លងមក និងបន្តដឹកនាំទៅរកមាគ៌ាសន្តិភាពជាបន្តក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើ លើគ្រប់វិស័យ ជាពិសេសកំពុងបន្តប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក វ៉ា ថន បានបន្តថា បច្ចុប្បន្នខេត្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

*វិស័យកសិកម្ម៖ ខេត្តក្រចេះ មានក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មសរុបចំនួន ៤៨ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគចិនចំនួន១០ក្រុមហ៊ុនវិនិយោគលើដំណាំកៅស៊ូ ម៉ៃសាក់ ប្រេងខ្យល់ អាកាស្យា ចេក និងដំឡូងមី រោងចក្រកែច្នៃផលិតផលកសិកម្មចំនួន៣កន្លែង៖ រោងចក្រផលិតស្ករសចំនួន១កន្លង និងរោងចក្រផលិតម្សៅដំឡូងមីចំនួន២កន្លែង។

ក្នុងឆ្នាំ២០២៣ សម្រេចការដាំស្រូវបានចំនួន ៥៤,៧២៨ហិកតា និងទទួលបានផលចំនួន ១៨១,០៦៤តោន និងសល់កសិផលស្រូវសម្រាប់លក់ទៅកាន់ទីផ្សារចំនួន ៥៧,៥៨០តោន។ ការដាំដុះដំណាំរួមផ្សំ (ពោត ល្ងរ សណ្តែកដី ប៉ិគ្គៈ) សម្រេចបានចំនួន ១០១,១៩៨ហិកតា ទទួលបានបរិមាណផលសរុបចំនួន ១,៦០១,៨០២តោន។ សម្រេចបានការដាំដុះដំណាំកៅស៊ូសរុបចំនួន ៨៦,៣៧៤ហិកតា ដំឡូងមីចំនួន ៧៣,៩៨៩ហិកតា ស្វាយចន្ទីចំនួន៦៤,៩១៧ហិកតា ចេកអំបូងលឿងចំនួន ៣,៤៥៥ហិកតា អំពៅចំនួន ៦,០០០ហិកតា ម៉ៃសាក់ចំនួន ១,៦៥១ហិកតា និងឈើហូបផ្លែចំនួន ៦៨១ហិកតា។

*វិស័យឧស្សាហកម្ម៖ ខេត្តមានរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសយូប៊ីអ៊ីឈ្នួល១កន្លែង វិនិយោគលើផ្ទដី ចំនួន ៨១៧.៨០ហិកតា ទំហំទឹកប្រាក់វិនិយោគចំនួន ២៧២,១២៥,៧៩៣ដុល្លារអាមេរិក លើគម្រោងវិនិយោគ ចំនួន៤៖ ១) រោងចក្រកែច្នៃកសិផលដំឡូងមី (ក្រុមហ៊ុនអង់គ្លេស) ២) រោងចក្រផលិតខ្សែភ្លើង និងខ្សែកាប (ក្រុមហ៊ុនចិន) ៣).រោងចក្រផលិតបន្ទះសូឡា (ក្រុមហ៊ុនខ្មែរ-ចិន) និង៤) រោងចក្រផលិតសំបកកង់រថយន្ត (ក្រុមហ៊ុនចិន)។

*វិស័យរ៉ែ និងថាមពល៖ ខេត្តមានក្រុមហ៊ុន សហគ្រាស និងអាជីវករដែលធ្វើការរុករករ៉ែចំនួន ៦១ក្រុមហ៊ុន ស្មើនឹង៦៥អាជ្ញាបណ្ណមាន៖ ក្រុមហ៊ុនសិក្សាស្រាវជ្រាវលោហ ៥ក្រុមហ៊ុន ក្រុមហ៊ុនអាជីវកម្ម រ៉ែមាស ១ក្រុមហ៊ុន ក្រុមហ៊ុនអាជីវកម្មថ្មក្រានីតអណ្តូងរ៉ែប៊ើក និងការដ្ឋានវាយថ្មមាន ២៥ក្រុមហ៊ុន។ ក្រុមហ៊ុន និងអាជីវករធ្វើអាជីវកម្មក្រួស ខ្សាច់ ថ្មសំណង់ចំនួន ៨ក្រុមហ៊ុន។ ក្រុមហ៊ុនអាជីវកម្មរ៉ែមាស១កន្លែង ស្ថិតនៅ ក្នុងស្រុកសំបូរ ខេត្តក្រចេះ វិនិយោគិនមកពីសាធារណរដ្ឋប្រជាមានិតចិន សម្រេចបានការចម្រាញ់មាស សុទ្ធចាប់ពីខែតុលា ឆ្នាំ២០២២ រហូតមកដល់ខែមេសា ឆ្នាំ២០២៣ បានចំនួន ៦៧,៥៣គីឡូក្រាម។

ខេត្តមានបណ្តាញអគ្គិសនីប្រើប្រាស់ និងកំពុងពង្រីកបណ្ដាញទៅគ្រប់ឃុំ-សង្កាត់ និងភូមិ គឺបានគ្រប ដណ្តប់ជាង ៨៤,៧៥% នៃ ៣២៧ភូមិ ដោយដំណើរការ ២៤ម៉ោង។

*វិស័យពាណិជ្ជកម្ម៖ ខេត្តមានក្រុមហ៊ុនពាណិជ្ជកម្មចំនួន១២៧ក្រុមហ៊ុន សាខាក្រុមហ៊ុនចំនួន៣៨សាខា សហគ្រាសពាណិជ្ជកម្មចំនួន១២១សហគ្រាស និងអាជីវកម្ម សេវាកម្ម ពាណិជ្ជករមាន ១,៩៩១មូលដ្ឋាន។ ខេត្តមានផ្សារធំៗរបស់រដ្ឋចំនួន៧កន្លែងផ្សារធំៗរបស់ឯកជនចំនួន២កន្លែងស្តាម៉ាតចំនួន ១០កន្លែង។

*វិស័យទេសចរណ៍ ខេត្តមានតំបន់រមណីយដ្ឋានទេសចរណ៍ចំនួន២៦កន្លែង ក្នុងនោះរមណ៏យដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រចំនួន ៦កន្លែង រមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន១កន្លែង រមណីយដ្ឋានធម្មជាតិចំនួន ១៣កន្លែង រមណីយដ្ឋានកែច្នៃចំនួន ៦កន្លែង។ ជាពិសេស ខេត្តមានសក្តានុពលទេសចរណ៍ធម្មជាតិអន្លង់ ផ្សោតកាំពី ដែលមានសត្វផ្សោតទន្លេមេគង្គរស់នៅប្រមាណ៨០ក្បាល កំពុងស្រូបទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកំសាន្ត មានកំណើនជារៀងរាល់ឆ្នាំ៕