(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានបង្ហាញក្តីរំពឹងថា ទំនាក់ទំនងរវាងកម្ពុជា និងចិន នៅតែរឹងមាំក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
មន្ត្រីយោធាជាន់ខ្ពស់ចិន បានបង្ហាញក្តីរំពឹងបែបនេះ ក្នុងពេលដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនោះ នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ប្រធានាធិបតី ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ក្នុងមនោសញ្ចេតនាជិតស្និទ្ធបំផុត។
នាយឧត្តមសេនីយ៍ បានជម្រាបជូនសម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនោះឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ជាពិសេសលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
នាយឧត្តមសេនីយ៍ ហឺ វ័យទុង ក៏បានបង្ហាញភាពជឿជាក់ និងសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំថែមទៀត សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី។
សម្តេចមហាបវរធិបតី បានសម្តែងការស្វាគមន៍ចំពោះនាយឧត្តមសេនីយ៍ ហឺ វ័យទុង និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ សម្តេចធិបតី ក៏បានធ្វើការផ្តាំសាកសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំចិន។ ជាពិសេសលោកប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំឭកផងដែរថា កាលនៅក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្តេចធិបតី បានផ្តួចផ្តើមគំនិត និងជំរុញឱ្យមានការពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ រហូតឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ដែលបានបើកច្រកដល់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាល ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ ហឺ វ័យទុង បានគាំទ្រសកម្មភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានា ដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឯកភាពគ្នា រួមមានជាអាទិ៍ ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម៕