(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ហឺ វ័យទុង (He Weidong) អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឈិមបក្សចិន បានប្រកាសគាំទ្រការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយការរំពឹងថាកម្ពុជាកាន់តែរីកចម្រើន។
នាយឧត្ដមសេនីយ៍ ហឺ វ័យទុង បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា នៅព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ។
ក្នុងជំនួបនោះ នាយឧត្ដមសេនីយ៍ ហឺ វ័យទុង បានរំលឹកអំពីទំនាក់ទំនងរវាងកម្ពុជា និងចិន ដោយគូសរំលេចថា កម្ពុជា គឺជាមិត្តដែកថែបរបស់ចិន ហើយកម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមក ទាំងនៅក្នុងតំបន់ និងអន្តរជាតិ។
នាយឧត្ដមសេនីយ៍ ហឺ វ័យទុង បានថ្លែងថា ក្នុងរយៈពេល ៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសចិន និងកម្ពុជា កន្លងមកនេះ ប្រទេសទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់។
ក្រៅពីរំលឹកនូវទំនាក់ទំនងប្រទេសទាំងពីរហើយនោះ នាយឧត្ដមសេនីយ៍ ហឺ វ័យទុង បានសង្កត់ធ្ងន់ថា ប្រទេសចិនគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា គាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ នាយឧត្ដមសេនីយ៍ ហឺ វ័យទុង សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចអធិបតីជានាយករដ្ឋមន្ត្រី នឹងធ្វើឱ្យកម្ពុជា កាន់តែមានការរីកចម្រើនលើគ្រប់វិស័យ និងទទួលបានការគាំទ្រយ៉ាងធំធេងពីប្រជាជនកម្ពុជាទូទាំងប្រទេស៕