(កណ្ដាល)៖ អ្នកលក់អនឡាញស្រីប្រុស ចំនួន៥នាក់ ត្រូវបានសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយត្រូវកម្លាំងនគរបាលចាប់ខ្លួន ដោយសារពួកគេរួមគ្នាឡាយវីដេអូតាមបណ្ដាញសង្គមបង្ហាញនូវកាយវិការ និងពាក្យសម្ដីអាសអាភាស នាំឲ្យប៉ះពាល់ដល់កិត្តិយសនារីខ្មែរ។ នេះបើតាមលោកសូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល និងលោកខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់កាន់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ។

ការចាប់ និងបញ្ជូនខ្លួនទៅតុលាការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំបញ្ជាកម្លាំងជំនាញ ស្រាវជ្រាវឃាត់ខ្លួនបុរស ស្រ្តី ចំនួន០៥នាក់ ដែលបានបង្ហោះ និងឡាយវីដេអូ ក្នុងបណ្តាញសង្គម និងបណ្តាញ Tik Tok ករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ញុះញង់ឲ្យមានការរើសអើង និងសញ្ចារកម្ម។

អ្នកលក់អនឡាញទាំង៥នាក់ ដែលត្រូវបានតុលាការឃុំខ្លួននោះរួមមាន៖
*ទី១៖ ឈ្មោះ ស៊ុន សាំងលី ហៅក្រៅ ម៉ាក់លីន ភេទស្រី អាយុ៣៤ឆ្នាំ
*ទី២៖ ឈ្មោះ ម៉ា ស្រីលាក់ ភេទស្រី អាយុ២៣ឆ្នាំ
*ទី៣៖​ ឈ្មោះ ទូច ស្រីមី ហៅក្រៅ អាមៀវ ភេទស្រី អាយុ២៩ឆ្នាំ
*ទី៤៖ ឈ្មោះ ចាន់ សុភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំ
*ទី៥៖ ឈ្មោះ ដេត វ៉ាន់ធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ផលិតផលអនឡាញ។ អ្នកទាំង៥នាក់បានស្នាក់នៅជួលផ្ទះ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន ទូរស័ព្ទដៃចំនួន៧គ្រឿង។

ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដោយចោទប្រកាន់អំពើនេះ ជាបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ញុះញង់ឲ្យមានការរើសអើង និងសញ្ចារកម្ម តាមបញត្តិមាត្រា២៨៤, មាត្រា៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា តាមរយៈវីដេអូដែលបានចែកចាយតាមបណ្ដាញសង្គម ឈ្មោះ ម៉ា ស្រីលាក់ បានឡាយវីដេអូបង្ហាញនូវកាយវិការ និងពាក្យសម្ដីអាសអាភាសជាច្រើន ដើម្បីឲ្យគេចាប់អារម្មណ៍ចំពោះការលក់ផលិតផលរបស់ខ្លួន ដែលសកម្មភាពទាំងនោះ នាំឲ្យមានការរិះគន់ជាខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គម និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ដ្រីខ្មែរ៕