(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ទិវាជនមានពិការភាពនេះត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិ ចូលរួមក្នុងសង្គមរបស់ជនមានពិការភាព ប្រមាណជាង ១ប៊ីលាននាក់ នៅក្នុងពិភពលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ទិវាជនមានពិការភាពនេះត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិ ចូលរួមក្នុងសង្គមរបស់ជនមានពិការភាព ប្រមាណជាង ១ប៊ីលាននាក់ នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា ញាណដឹង និង សតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប ដើម្បីធ្វើការផ្លាស់ប្ដូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិជនមានពិការភាព និង ការធ្វើបរិយាប័ន្នលើគ្រប់សកម្មភាព នយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌»។
សម្រាប់នៅកម្ពុជា, ការប្រារព្ធទិវាជនមានពិការភាពនេះឡើងគឺដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនរួមមាន ស្ត្រីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបន្សល់នូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមរាប់លានតោន។ នេះជាសោកនាដកម្មមួយ ដែលបានកើតឡើងចំពោះប្រជាជនកម្ពុជា និង រងគ្រោះពីការទម្លាក់គ្រាប់បែក រាប់លានតោន ហើយធ្វើឱ្យរបួស ពិការស្លាប់រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវ ហើយបន្ទុកទាំងអស់បានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យនេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្នុងនាមរាជរដ្ឋាភិបាល មានសុទិដ្ឋិនិយមចំពោះទស្សនៈវិស័យរួមគ្នាក្នុងការបន្តលើកកម្ពស់វិស័យពិការភាព ការផ្ដល់អំណាច និង ការគាំទ្រដល់ជនមានពិការភាព ដែលជាគុណតម្លដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍសង្គមជាតិទាំងមូល ពិសេសក្នុងបរិការណ៍នៃការស្តារ សេដ្ឋកិច្ចក្នុងប្រទេសឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និង ភាពរឹងមាំ ក្រោយវិបត្តិនៃជំងឺកូវីដ១៩។
រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីក របស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និងការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ។ ក្រៅពីនេះសប្បុរសជន, សង្គមស៊ីវិល និង ដៃគូអភិវឌ្ឍ នានា បានចូលរួមចំណែកទាំងធនធានថវិកា និង ធនធានមនុស្ស ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជនមានពិការភាពកម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព រួមមាន៖ ការរៀបចំជម្រាល ធ្នាក់ដៃ ចំណតយានយន្តអាទិភាព ភាសាសញ្ញា និង ផ្លូវដើរសម្រាប់ ជនពិការភ្នែកជាដើម។ ក្រៅពីនេះរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយ សង្គមសម្រាប់ជនងាយរងគ្រោះ ពិសេសជនមានពិការភាព។ រដ្ឋបានចំណាយថវិកាអស់ជាង ១ ៣០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះចំនួនប្រមាណ ១,៥លានគ្រួសារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ច ជ្រើសរើសជនមានពិការភាព ឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមាន ចែងក្នុងច្បាប់ស្ដីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនមានពិការភាព។ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និង ទូរទស្សន៍របស់រដ្ឋ និង ឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មានបង្កើនម៉ោងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដោយមាន ការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីជនមានពិការភាពគថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា៕