(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព និងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយ សង្គមសម្រាប់ជនងាយរងគ្រោះ ពិសេសជនមានពិការភាព ខណៈរដ្ឋបានចំណាយថវិកាអស់ជាង ១ ៣០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះចំនួនប្រមាណ ១,៥លានគ្រួសារ។

ការបញ្ជាក់បែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធ ពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិ លើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល មានសុទិដ្ឋិនិយមចំពោះទស្សនៈវិស័យរួមគ្នាក្នុងការបន្តលើកកម្ពស់វិស័យពិការភាព ការផ្ដល់អំណាច និង ការគាំទ្រដល់ជនមានពិការភាព ដែលជាគុណតម្លដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍសង្គមជាតិទាំងមូល ពិសេសក្នុងបរិការណ៍នៃការស្តារ សេដ្ឋកិច្ចក្នុងប្រទេសឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និង ភាពរឹងមាំ ក្រោយវិបត្តិនៃជំងឺកូវីដ១៩។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីក របស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និង ការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ។ ក្រៅពីនេះសប្បុរសជន, សង្គមស៊ីវិល និង ដៃគូអភិវឌ្ឍ នានា បានចូលរួមចំណែកទាំងធនធានថវិកា និង ធនធានមនុស្ស ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជនមានពិការភាពកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព រួមមាន៖ ការរៀបចំជម្រាល ធ្នាក់ដៃ ចំណតយានយន្តអាទិភាព ភាសាសញ្ញា និង ផ្លូវដើរសម្រាប់ ជនពិការភ្នែកជាដើម។ ក្រៅពីនេះរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយ សង្គមសម្រាប់ជនងាយរងគ្រោះ ពិសេសជនមានពិការភាព។ រដ្ឋបានចំណាយថវិកាអស់ជាង ១ ៣០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះចំនួនប្រមាណ ១,៥លានគ្រួសារ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ច ជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមាន ចែងក្នុងច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព។

ទន្ទឹមនឹងនេះដេរ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និង ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មានបង្កើនម៉ោងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដោយមាន ការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីជនមានពិការភាពគថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា៕