(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាលរួមគា្ន ត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកស្របច្បាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៣នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិ លើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព កោះពេជ្រ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាល ត្រូវរួមគា្នធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរ ស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យគ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូរពាក់ព័ន្ធ និងវិស័យឯកជន ត្រូវបន្តពង្រឹងអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធដែលមានស្រាប់ និងបន្តចូលរួមគំនិតផ្តួចផ្តើមបន្ថែមទៀតលើកិច្ចការពារ និងលើកកម្ពស់សិទ្ធជនពិការ។

បន្ថែមពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងកោតសរសើរជូនចំពោះក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក្រសួងស្ថាប័នពាក់ព័ន្ធ មូលនិធិជនពិការរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី តាមរយៈទីភ្នាក់ងារអូស្រ្តាលីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងដៃគូរវិស័យឯកជន ជាពិសេសបងប្អូនមានពិការភាព ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងជំរុញឱ្យមានការដាក់បញ្ជូលជនមានពិការភាព ទៅក្នុងការអភិវឌ្ឍន៍ ដោយខិតខំធ្វើឱ្យមានការទទួលខុសត្រូវលើតម្លៃ និងសមត្ថភាព ព្រមទាំងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ជនមានពិការភាពផងដែរ៕