(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែសីហានេះ បានបញ្ជាក់ពីស្ថានភាព អាកាសធាតុនៅតាមតំបន់មាត់សមុទ្រថា អាកាសធាតុលើផ្ទៃសមុទ្រព្រឹកនេះ មានសភាពអាប់អួរ ភ្លៀងនិងរលឹមច្រើន កំលាំងខ្យល់បក់កន្រ្តាក់ម្តងៗមធ្យម និងទឹករលកយោលមធ្យមនៅចន្លោះឃ្លង។
លោកឧត្តមសេនីយ៍បញ្ជាក់ថា ដោយឡែកសម្រាប់នៅឆ្នេរអូឈើទាល ខ្យល់បក់ខ្លាំង និងទឹករលកបោកបង្គួរ។ អាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលឆាប់រហ័ស។
គួររំលឹកថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ព្យុះទី៧ ឈ្មោះ ដៀនមុ (Dianmu) ធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់២៦ ខែសីហា អាចនឹងមានភ្លៀងធ្លាក់ច្រើនរាយប៉ាយ នៅស្ទើរទូទាំងប្រទេស។ ពិសេសនៅតំបន់ឆ្នេរសមុទ្រ និងលើផ្ទៃសមុទ្រ៖ អាចមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែសីហា៕