(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព​កោះ​ពេជ្រ។

ទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិ ចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១.៣ពាន់លាននាក់ នៃប្រជាជន​នៅ​លើ​ពិភពលោក ដែលជាជនបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ហើយ​តែង​តែ​ជួបប្រទះឧបសគ្គរារាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ចាប់ពីឆ្នាំ១៩៥០ រហូតដល់បច្ចុប្បន្ន សំដៅ​ផ្លាស់ប្ដូរស្ថានភាពរស់នៅរបស់ពួកគាត់ និងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាព​ដោយ​ផ្តោតសំខាន់លើសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងការធ្វើប​រិ​យា​បន្ន​ពិការភាពទៅគ្រប់សកម្មភាពនិងគ្រប់វិស័យក្នុងសង្គម រួមមាន សកម្មភាពនយោ​បាយ សេដ្ឋកិច្ច សង្គម វប្បធម៌ សិល្បៈ និងកីឡា។

ដោយឡែកកម្ពុជា ប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើង ដើម្បីរំលឹកអំពីមហា​វិនាស​កម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុង​នោះ រួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា។ មរតកនៃសង្គ្រាម ក៏​បាន​បន្សល់ទុកនូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះជាច្រើនរាយប៉ាយ ពាសពេញផ្ទៃ​ប្រទេស ជាពិសេសគ្រាប់បែកចង្កោមមានផ្ទុកសារជាតិគីមី​ ដែលបានរកឃើញជាច្រើន​នៅកម្ពុជា។ ក្រៅពីនោះ ប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀត​ដែល​នាំឱ្យមានពិការភាព ដូចជាគ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់ការងារ ពិការភាពពីកំណើត ចាស់​ជរា ជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងៗទៀត។ ដើម្បីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥

ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ឆ្នាំ២០២៣នេះ ត្រូវរៀបចំឡើងក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយ​នវានុ​វត្ត​ន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»។

ការរៀបចំទិវានេះ គឺជាការអបអរសាទរចំពោះជោគជ័យថ្មីៗ នៃវិស័យពិការភាព​ដែល​បង្ហាញ​ពីឆន្ទៈដ៏មុះមុត និងយកចិត្តទុកដាក់របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗជា​ប្រ​ទេស​ហត្ថលេខីនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព ដើម្បីបន្តលើកស្ទួយសុខុ​មាល​​ភាព និងលើកកម្ពស់សិទ្ធិជនមានពិការគ្រប់រូបដោយ មិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និង និន្នាការនយោបាយអ្វីឡើយ។

ឆ្នាំ២០២៣នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទគន្លឹះមួយ ក្នុងគោលដៅ​ជំរុញឱ្យ​មាន​ការគិតគូរសមស្រប ដើម្បីសង្គមមួយសម្រាប់យើងទាំងអស់គ្នា ក្នុងឋានៈកម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍប៉ុន្តែមានការយកចិត្ត ទុកដាក់ក្នុងយុទ្ធសាស្ត្រនយោបាយ​យ៉ាងជាក់​លាក់ សម្រាប់ការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណា ដើម្បីឈានទៅ​សម្រេច​​​ឱ្យខានតែបាននូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ពោល គឺការធ្វើឱ្យចេញ​ជា​រូប​រាងផាសុកវត្ថុសម្រាប់ ជនមានពិការភាពតាមលទ្ធភាពដែលអាចធ្វើទៅបាននៅ​ទូទាំង​កម្ពុជា ព្រោះផាសុកវត្ថុ គឺជាការបង្កលក្ខណៈ ងាយស្រួលដល់ជនមាន​ពិការភាព​ចូលរួមគ្រប់សកម្មភាពក្នុងសង្គម ការប្រកួតប្រជែងសមត្ថភាពប្រកបដោយការច្នៃប្រឌិត ស្មើភាព និងតាមតម្រូវការជាក់ស្តែង។

ក្នុងសារលិខិតចូលរួមអបអរទិវាជនមានពិការភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​គូស​រំលេចថា កម្ពុជា ជាប្រទេសហត្ថលេខី នៃអនុសញ្ញាស្តីពីសិទ្ធិជន​មានពិការ​ភាព បាន​និងកំពុង​អនុវត្តយ៉ាងជាក់ស្ដែងក្នុងការជំរុញការចូលរួមរបស់ជនមានពិការ​ភាពទៅ​ក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម នយោបាយ តួយ៉ាងឥស្សរជន និងមន្ត្រីរាជការមាន ពិការ​ភាព​ជាច្រើន ត្រូវបានតែងតាំង ឬផ្ដល់ឋានៈជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខា​ធិការ និងជាថ្នាក់ដឹកនាំក្នុងជួរក្រសួង ស្ថាប័នរដ្ឋ ប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃ​ថ្នូរ។ ទន្ទឹមនេះ ក្រសួង ស្ថាប័នរដ្ឋចំនួន៣៩ មានជនមានពិការភាពចូលបម្រើការងារ​ចំនួន ៣,៧៧៦នាក់ (ស្មើនឹង ២,០៥%) ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦៩នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២,៣៥១នាក់។ ដោយឡែកវិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជិកា និងទទួលបាន​វិញ្ញា​បនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការទូទាំង​ប្រទេស​ចំនួន ២៤១នាក់ និងមានជនមានពិការភាពចូលបម្រើការងារចំនួន ៣,៧៥៩​នាក់ ស្រ្តីមានពិការភាព ៣,៦៣១នាក់។ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំង​ប្រទេសចំនួនជនមានពិការភាព ៧,៥៣៥នាក់កំពុងបម្រើការងារ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចដែរថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណ ពិការ​ភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ក្នុងនោះមានជនមានពិការភាពចំនួន ២៨៨,៦៩០​នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្មដោយជនបង្គោលឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផលិតបណ្ណសម្គាល់ជនមានពិការភាពបានចំនួន ២២២,១៤៨បណ្ណ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តខ្ពស់អនុវត្តប្រកបដោយជោគជ័យ​នូវ​យុទ្ធ​សាស្ត្រ​​បញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពដែលនឹង​ត្រូវដាក់ឱ្យ​អនុវត្តជាបន្តបន្ទាប់នាពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង កាត់បន្ថយហានិភ័យសេដ្ឋកិច្ច អនុវត្តឱ្យបានជាក់លាក់នូវសសរស្ដម្ភទាំងពីរ​នៃប្រព័ន្ធគាំ​ពារសង្គម គឺប្រព័ន្ធជំនួយសង្គម ដោយឈរលើគោលការណ៍មិនទុកឱ្យជនមាន​ពិការភាព​ណាម្នាក់រស់នៅឯកោ និងប្រព័ន្ធសន្តិសុខសង្គម ដោយធានាដល់សន្តិសុខប្រាក់ ចំណូល​របស់ប្រជាជន ជាពិសេសជនមានពិការភាព។

ដើម្បីធានាថាជនមានពិការភាពនៅកម្ពុជា ទទួលបានសិទ្ធិសេរីភាព សុខុមាលភាព និងការចូលរួមយ៉ាងពេញលេញប្រកបដោយបរិយាបន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវការណែនាំមួយចំនួនដូចខាងក្រោម៖

ទី១៖ ត្រូវបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជន​មាន​ពិការ​ភាពបន្ថែមទៀត រាប់ទាំង ការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់​រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មាន​ឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។

ទី២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ​ពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិ ជនពិការ ក្នុងការ​បន្ត​ពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធន​ធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាព​លើការបណ្តុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិតរបស់​ជនមាន​ពិការភាពដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ស្របតាមទិសស្លោក «មិន​ទុក​ឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។

ទី៣៖ គ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែ​សម្រួល ឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯក​ជន​នានា ស្របតាមច្បាប់ស្ដីពីកិច្ចលើកកម្ពស់សិទ្ធិជនពិការ និង បទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។

ទី៤៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមាន​ពិការភាពដែល​មានលក្ខណសម្បត្តិ និង សមត្ថភាពឱ្យបំពេញមុខងារ​តួនាទីទទួលខុសត្រូវក្នុងមុខ​តំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើ​ការងារ​ជាមន្ត្រី​រាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។

ទី៥៖ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហ​គ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹក​នូវកាតព្វកិច្ចជ្រើស​រើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារ​ដូច​អ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ។

ទី៦៖ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និង​ឯកជន ព្រមទាំងគ្រប់ប្រព័ន្ធ សារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយ​មានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីមនុស្សគ-ថ្លង់ អាចទទួល​ព័ត៌មាន​បានទាន់ពេលវេលា។
ទី៧៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល រួមគ្នាធ្វើកិច្ច​សហប្រតិ​បត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្ក​លក្ខណៈ​ងាយស្រួលជូនជនមានពិការភាព ឱ្យទទួលបានបណ្ណបើកបរស្របតាម លទ្ធភាព សមត្ថ​ភាព និងលក្ខណៈបច្ចេកទេសយានយន្ត៕