(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានណែនាំ និងជំរុញដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តតំបន់ឆ្នេរសមុទ្រទាំងបួនរបស់កម្ពុជា ត្រូវរួមគ្នាបន្តរក្សាឱ្យបាន នូវកិត្តិនាមជាសមាជិកក្លិបឆ្នេរស្អាតបំផុត របស់ពិភបលោក ដើម្បីឱ្យស័ក្តិសមកិត្តិមានជាតារារៈនាទិសនិរតី។

ការថ្លែងរបស់សម្តេចមហាបវរធិបតីយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសបិទ ពិធីបុណ្យ​សមុទ្រ​លើកទី១០ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅ​ខេត្តកែប នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចបានថ្លែងថា «ខ្ញុំសូមស្នើឱ្យអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តទាំងបួន រួមគ្នារក្សាឱ្យបាននូវកិត្តិនាម ជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងឱ្យស័ក្តិសមជាកិត្តិនាមជាតារារះនាទិសនិរតី។ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងនៅតែចាត់ទុកក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកជាដៃគូដ៏សំខាន់ក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា»

សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងទេសចរណ៍ត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយ ក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត ពិសេសក្នុងឋានៈបច្ចុប្បន្នដែលកម្ពុជាកំពុងកាន់តំណែងដ៏សំខាន់ជាអគ្គលេខាធិការ ក្នុងស្ថាប័នអន្តរជាតិមួយនេះ។

បន្ថែមលើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវ ដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ រួមគ្នាចូលរួមក្នុងចលនា ទីក្រុងស្អាត រមណីយស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងថែរក្សាអនាម័យបរិស្ថានឱ្យល្អស្អាត ដើម្បីថែរក្សាតំបន់ឆ្នេរឱ្យបានស្អាតល្អ។

សម្តេចបានថ្លែងថា «ខ្ញុំសូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ទេសចរជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន និងប្អូនប្រជាពលរដ្ឋ ចូលរួមឱ្យកាន់តែសកម្មក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងសហការថែរក្សសោភណ្ឌភាព អនាម័យ បរិស្ថានដែលជាកត្តាចំបង មិនអាចខ្វះបានក្នុងការថែរក្សាតំបន់ឆ្នេរសមុទ្រឱ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់កូចចៅជំនាន់ក្រោយ»។

បន្ថែមលើសពីនេះ សម្តេចបានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តផ្តល់អាទិភាព ដល់ការអភិវឌ្ឍន៍តំបន់ឆ្នេរ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងត្រូវពង្រីកការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរពីតំនប់ប្រាសាទ និងតំបន់ផ្សេងៗទៀតមកតំបន់ឆ្នេរ៕