Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអាជ្ញាធរខេត្តជាប់មាត់សមុទ្រ យកចិត្តទុកដាក់ថែរក្សាសន្តិសុខ នៅតំបន់ទេសចរណ៍ ដោយមិនត្រូវឱ្យក្លាយទៅជាជម្រកគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនឡើយ (Video inside)

03-12-2023 19:53

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យ អាជ្ញាធរមូលដ្ឋានខេត្តជាប់មាត់សមុទ្រទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខ នៅតំបន់ទេសចរណ៍ ដោយមិនត្រូវឱ្យក្លាយទៅជាជម្រកគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនឡើយ។

ការលើកឡើងបែបនេះ របស់សម្តេចធិបតិ បានធ្វើឡើងនៅក្នុងឱកាសសម្តេច អញ្ជើញជាអធិបតិ ពិធីបិទបុណ្យ សមុទ្រលើកទី១០ នៅខេត្តកែប នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលបានប្រព្រឹត្តទៅដោយរលូន ក្រោមទិដ្ឋភាពសប្បាយរីករាយកុះករ។

នៅក្នុងពិធីនេះ សម្តេចបានផ្តល់អនុសាសន៍មួយចំនួន ដល់អាជ្ញាធរខេត្តជាប់មាត់សមុទ្រ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ដោយក្នុងនោះចំណុចទី៥ គឺការថែរក្សាសន្តិសុខជូនភ្ញៀវទេសចរផងដែរ។

សម្តេចបានលើកឡើងដូច្នេះថា៖ «អាជ្ញាធរមូលដ្ឋាន ជាពិសេសនៅតំបន់ទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ភ្ញៀវទេសចរណ៍ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្ត ឱ្យមានការពង្រឹងសុវត្ថិភាព នៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ និងមិនត្រូវឱ្យតំបន់គោលដៅទេសចរណ៍ទាំងនេះ រួមទាំងតំបន់តាមឆ្នេរសមុទ្រ ក្លាយទៅជាតំបន់ជ្រកកោន នៃអ្នកប្រើប្រាស់គ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនឡើយ»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍រួមគ្នាចូលរួមក្នុងចលនាទីក្រុងស្អាត រមណីយស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងថែរក្សាអនាម័យបរិស្ថាន ឱ្យល្អស្អាតផងដែរ៕