(ភ្នំពេញ)៖ នៅក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនឡាវ ដែលបានពលីដើម្បីជាតិមាតុភូមិ នៅវិមានរំលឹកគុណនាទីក្រុងវៀងចន្ទន៍។

សូមជម្រាបថា សមាសភាពដែលត្រូវអម សម្តេចរដ្ឋសភាធិបតី នាឱកាសនេះមាន លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន លោក ឈាង វុន ប្រធាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន​ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា លោក លីម ប៊ុនហុក អគ្គលេខាធិការរងរដ្ឋសភា និងលោកបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ សម្តេចរដ្ឋសភាធិបតី រួមនិងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភានិងខុទ្ទកាល័យសម្តេចរដ្ឋសភាធិបតី មួយចំនួនទៀតផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២ ខែធ្នូ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត SAYSOMPHONE Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងដើម្បីបន្តពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ ឱ្យកាន់តែរីកចំរើនរឹងមាំនិងគ្រប់ជ្រុងជ្រោយថែមទៀត៕