(កែប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសទេសចរណ៍ ដែលបានធ្វើការងារយ៉ាងសកម្មក្នុងរយៈពេល១០០ថ្ងៃនៃការចូលកាន់ដំណែង និងសរសើរចំពោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលបានប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ខេត្តកែប ឱ្យទទួលបានពានរង្វាន់ផ្សេងៗជាបន្តបន្ទាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែបបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញជាអធិបតីប្រកាសបិទពិធីបុណ្យសមុទ្រ នៅខេត្តកែប នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះសម្តេចបានថ្លែងអំណរគុណចំពោះ ក្រសួងទេសចរណ៍​ គណៈកម្មការរៀបចំបុណ្យសមុទ្រ ព្រមទាំងអាជ្ញាធរខេត្ត ដែលបានរៀបចំបុណ្យសមុទ្រដំណើរការដោយល្អ និងមានប្រជាពលរដ្ឋមកចូលរួមទស្សនាជាច្រើនម៉ឺននាក់។

​ទន្ទឹមគ្នានេះដែរ ​សម្តេចធិបតីបានថ្លែងកោតសរសើរដល់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសទេសចរណ៍ ដែលក្នុងរយៈពេលជាង១០០​ថ្ងៃ នៃការចូលមកកាន់ដំណែងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍បានធ្វើការងារយ៉ាងសកម្ម និងបានចុះទៅធ្វើការងារដោយផ្ទាល់នៅតាមមូលដ្ឋានទេសចរណ៍ផ្សេងៗ ​ជួយដល់វិស័យទេសចរណ៍ ក៏ដូចជាប្រតិបត្តិករទេសចរណ៍។ ជាមួយគ្នានេះ លោកក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបន្ត​អភិវឌ្ឍន៍សមិទ្ធផលដែលបានកសាងប្រមាណជាង៤០ឆ្នាំបន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត​ និងការខិតខំជំរុញ ដើម្បីធ្វើយ៉ាងបន្តនិរន្តភាពនៃបុព្វហេតុដែលរាជរដ្ឋាភិបាលកម្ពុជា​អាណត្តិមុនៗបានបន្សល់ទុក ដើម្បី​ជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់វិស័យ។

សម្តេចធិបតីមានប្រសាសន៍ថា៖ «ក្នុងថ្ងៃនេះ គឺ១០០ថ្ងៃនេះ មិនមែនស្ងៀមទេ ឯកឧត្តម សុខ សូកេន គឺថាអ្នកនិយាយតិចធ្វើច្រើន។ មិនសូវលឺ ឃើញនិយាយប៉ុន្មានទេ ប៉ុន្តែបើសួរថ្ងៃណានៅណា គឺតិចចុះទៅជួបសហគមន៍កំពង់ភ្លុក តិចចុះទៅជួបនៅទន្លេសាប តិចជួបជាមួយប្រតិបត្តិករសហគមន៍ក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប នៅកែប​។ ចុះក្តាប់ ចុះជួបផ្ទាល់ ចុះធ្វើការផ្ទាល់ ចុះរៀបចំផែនការផ្ទាល់ រៀបចំជាមួយមន្រ្តីនៅក្នុងស្ថាប័ន ក្រសួងស្ថាប័ន មន្ទីរពាក់ព័ន្ធ។ ១០០ថ្ងៃនេះ ក្រសួងទេសចរណ៍បានបញ្ជាក់ថាជាក្រសួងដែលដឹកនាំដោយមន្រ្តីជើងពីរចុះទៅគ្រប់កន្លែង ​នេះត្រូវតែបន្ត។»

​សម្តេចថែមទាំងបានកោតសរសើរចំពោះការរៀបចំ​យុទ្ធសាស្រ្ត ​អភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈ«យុទ្ធសាស្រ្តបង្កើត​៥អភិវឌ្ឍន៍៤» ដែលនៅក្នុងយុទ្ធសាស្រ្តនេះគឺធ្វើយ៉ាងណាឱ្យតំបន់ទេសចរណ៍​ផ្សេងៗទាញយកសក្តានុពល ​ ដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ១៩ និងការរៀបចំតំបន់ឆ្នេរសមុទ្រកម្ពុជានៅក្នុងខេត្ត៤ រួមមាន ខេត្តព្រះសីហនុ កែប កំពត កោះកុង ដែល​ត្រូវបានប្រសិទ្ធនាមថា តារារះនៅទិសនិរតី ឱ្យបានល្អប្រសើរ និងក្លាយជាគោលដៅទេសចរណ៍សាកលឈានមុខ ប្រកបដោយភាពទាក់ទាញសំបូរបែប ដែលរួមចំណែកដល់ការលើកកម្ពស់ភាពធន់ និងកំណើនសេដ្ឋកិច្ចកម្ពុជា ដោយឈរលើគោលការណ៍គ្រឹះទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ ហើយនេះគឺជាកិច្ចការសំខាន់ដូចទៅ​ក្នុងការខិតខំរៀបចំរៀបចំនូវបុណ្យសមុទ្រនៅក្នុងឱកាសនេះផងដែរ​​។

ទន្ទឹមគ្នានេះ សម្តេចធិបតីក៏បានកោតសរសើរចំពោះលោក សោម ពិសិដ្ឋអភិបាលខេត្តកែប ដែលបានខិតខំនៅក្នុងកិច្ចការកសាង ​អភិវឌ្ឍន៍​ ​ការរៀបចំសោភណ្ឌភាព និងបរិស្ថាននៅក្នុងខេត្តកែបឱ្យមានភាពស្រស់ស្អាត ដែលនាំឱ្យខេត្តកែបទទួលបានជ័យលាភីពានរង្វាន់ថ្នាក់ជាតិ ថ្នាក់តំបន់ ជាបន្តបន្ទាប់។

​សម្តេចបន្ថែមថា ការអភិវឌ្ឍន៍ទាំងនេះបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋខេត្តកែបទាំងមូល ​​និងបានចែកផលលាភទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សម្តេចបានជំរុញឱ្យអភិបាលខេត្តកែប បន្តរៀបចំទីតាំង​នៅតាមបណ្តោយឆ្នេរប្រឡែង២៧០០ម៉ែត្រ​ ទៅជាសួនច្បារ ដើម្បីផល​ផលប្រយោជន៍សាធារណៈ។

សម្តេចធិបតីបន្តថា «ផែនការមេដែលបានរៀបចំរួច នៅតាមបណ្តោយឆ្នេរ២៧០០ម៉ែត្រត្រូវរៀបចំជាសួនច្បារ​សាធារណៈ ដែលអាចនឹងបង្កើតសក្តានុពលសម្រាប់ខេត្តកែបបន្ថែមទៀត និងបន្តរៀបចំកម្មវិធីទាក់ទាញភ្ញៀវទេសចរ»

​សម្តេចលើកឡើងទៀតថា រាជរដ្ឋាភិបាលមានផែនការសម្រាប់​អភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនៅឆ្នាំ២០២៣-២០៤៥ ​ដោយបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តកែប ជាទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបកម្រិតខ្ពស់​៕