(កែប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកថា លិខិតឆ្លងដែនសម្តេចត្រូវបានអាជ្ញាធរអង់គ្លេសពិនិត្យ និងភ្ញាក់ផ្អើល ពេលឃើញសម្តេចជាជនជាតិខ្មែរទី១ ទៅរៀននៅអង់គ្លេស ខណៈដែលកម្ពុជា ត្រូវបានបិទជិតដោយសារតែភ្លើងសង្គ្រាមស៉ីវិល។

ការំលឹកបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រលប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពពិធីបិទបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកយ៉ាងដូច្នេះថា៖ «បទពិសោធន៍ខ្ញុំជាក់ស្តែង ខ្ញុំរៀននៅក្រៅប្រទេស ខ្ញុំជួបប្រជាពលរដ្ឋមួយចំនួន ឆ្នាំ២០០២ ដែលខ្ញុំទៅប្រទេសអង់គ្លេស ដំបូងទៅដល់ព្រលានយន្តហោះប៉ាស្ព័ររបស់ខ្ញុំត្រូវបានគេទុកប៉ូលីសអន្តោប្រវេសន៍មើលប្រហែល១៥នាទី ខ្ញុំឆ្ងល់ថាមានបញ្ហាអី ខ្ញុំសួរថាមានបញ្ហាអី ព្រោះវីហ្សាខ្ញុំបានសុំ គាត់ថាអត់បញ្ហាអីទេគ្រាន់តែគាត់ថាមិនដែលឃើញប៉ាស្ព័រកម្ពុជា អ្នកឯងជាមនុស្សទី១ ដែលកាន់ប៉ាស្ព័រកម្ពុជា មករៀននៅអង់គ្លេស»

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកថា ក្រោយពេលដែលប៉ូលីសរបស់អង់គ្លេសបានដឹងថា សម្តេចជាជនជាតិកម្ពុជា ភ្លាមៗប៉ូលីសអង់គ្លេស ក៏បានសួរនាំសម្តេចថា តើប្រទេសកម្ពុជាអស់សង្គ្រាមហើយ ឬនៅ?។ តាមរយៈការបញ្ជាក់ប្រាប់ទៅវិញរបស់សម្តេចនាពេលនោះ ប៉ូលីសអង់គ្លេសរូបនេះ ក៏បានពិចារណាចង់មកលេងកម្សាន្តនៅកម្ពុជាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅពេលរយៈពេល២ឆ្នាំ ដែលសម្តេចសិក្សានៅប្រទេសអង់គ្លេស គឺស្ថានភាពប្រទេសកម្ពុជា បានប្រែប្រួលីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០២ កម្ពុជាទើបបញ្ចប់សង្គ្រាមស៉ីវិល។ នៅក្នុងកំឡុងឆ្នាំ២០០៤ នៅពេលសម្តេចជួបជាមួយមន្ត្រីប៉ូលីសអន្តោប្រវេសន៍អង់គ្លេសផ្សេងទៀត គឺបានបញ្ជាក់ប្រាប់សម្តេចថា គ្រួសាររបស់គាត់បានមកលេងប្រទេសកម្ពុជា គឺប្រាប់ថាកម្ពុជាមានសុខសុវត្ថិភាពល្អណាស់ ហើយរូបគាត់ផ្ទាល់នឹងមកលេងកម្ពុជា ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការលើកកម្ពស់កិត្តិនាមរបស់ជាតិបង្កើតការចាប់អារម្មណ៍ ក៏ដូចជាភាពជឿជាក់របស់ប្រជាពលរដ្ឋ ជាពិសេសស្ថានភាពរបស់ប្រទេសកម្ពុជា ដែលធ្លាប់មានប្រវត្តិសាស្ត្រជាប្រទេសកើតសង្គ្រាម ជាប្រទេសអស្ថេរភាព នៅក្រៅប្រទេសភាគច្រើនប្រវត្តិសាស្ត្រដែលនិយាយពីកម្ពុជា គឺភ្ជាប់មួយសង្គ្រាមនៅវៀតណាម ហើយបើស្គាល់កម្ពុជា គឺស្គាល់ ប៉ុល ពត ខណៈដែលសម្តេចព្យាយាមប្រាប់ទៅបរទេសថា សម្តេចមកពីកម្ពុជានោះគឺគ្មានបរទេសណាស្គាល់នោះទេ កាលពីកំឡុងកម្ពុជាទើបទទួលបានសុខសន្តិភាពពេញលេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បច្ចុប្បន្ននេះ កិត្តិនាមកម្ពុជា ត្រូវបានបរទេសស្គាល់កម្ពុជា កាន់តែច្បាស់ តាមរយៈរូបប្រាសាទអង្គរវត្ត និងការផ្សព្វផ្សាយតាមរយៈភ្ញៀវទេសចរដែលមកលេងកម្សាន្តកម្ពុជា និងវិលត្រឡប់ទៅវិញដោយពួកគាត់បានឃោសនាពីអ្វីដែលកម្ពុជាមានទៅកាន់សាច់ញាតិរបស់ពួកគាត់នៅស្រុកកំណើត។ សម្តេចចាត់ទុកការឃោសនាល្អពីកម្ពុជា ពីសំណាក់ភ្ញៀវទេសចរបរទេស ពិតជារឿងសំខាន់ខ្លាំងណាស់ សម្រាប់សក្តានុពលលើវិស័យទេសចរណ៍របស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្សព្វផ្សាយកម្ពុជាទៅកាន់ឆាកអន្តរជាតិ ជារឿងសំខាន់ណាស់ ដើម្បីទាក់ទាញទេសចរណ៍មកកាន់កម្ពុជា ហើយការបង្កើតផលិតផលទេសចរណ៍ឱ្យបានច្រើន ដើម្បីទាក់ទាញអ្នកទេសចរ៕