(កែប)៖ មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រកាសបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប នាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា បុណ្យសមុទ្រឆ្នាំ២០២៣ មានភ្ញៀវទេសចររាប់ម៉ឺននាក់ បានចូលរួមទស្សនាកម្សាន្ដក្នុងរយៈពេល៣ថ្ងៃមកនេះ។

ជាមួយនឹងជោគជ័យនៃចំនួនអ្នកចូលរួមរាប់ម៉ឺននាក់នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា បុណ្យសមុទ្រឆ្នាំ២០២៣ ក៏បានបំបែកឯតទគ្គកម្មពិធីបុណ្យសមុទ្រនាពេលមុនៗផងដែរ លើចំនួនស្ដង់ពិព័រណ៌ដែលមានរហូតដល់ជិត៥០០ស្ដង់ ហើយស្ដង់ទាំងអស់នោះមានផលិតផល មកពីបណ្ដារាជធានី-ខេត្តផ្សេងៗ នៅទូទាំងប្រទេសតែម្ដង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងរបាយការណ៍ដែលឯកឧត្តម សុខ សុកេន ក៏ដូចជាឯកឧត្តមអភិបាលខេត្ត បានបញ្ជូនមកខ្ញុំ ថ្ងៃទី១៖ យើងមានវត្តមានជិត៤ម៉ឺន៦ពាន់នាក់ ថ្ងៃទី២៖ អ្នកចូលរួមរហូតដល់ជិត១២ម៉ឺននាក់ ដែលចូលរួមទស្សនានៅទីនេះ។ នេះជាមោទនភាពនៃការជោគជ័យណាស់ [...] ឆ្នាំនេះយើងរៀបចំស្ដង់ជិត៥០០ ជាការបំបែកឯតទគ្គកម្មក្នុងការរៀបចំបុណ្យសមុទ្រពីមុនមក»

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា នេះក៏ជាលើកទី១ សម្រាប់សម្ដេចដែលបានអញ្ជើញចូលរួមទាំងពិធីបើក និងពិធីបិទបុណ្យសមុទ្រឆ្នាំ២០២៣នេះ។ ការណ៍ដែលសម្ដេចអញ្ជើញទាំងពិធីបើក និងបិទ ដើម្បីថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រុមការងារអន្ដរក្រសួង ខេត្ត ស្ថាប័នពាក់ព័ន្ធ ហើយជាពិសេសប្រជាពលរដ្ឋភ្ញៀវទេសចរ ដែលបានមកចូលរួមកម្សាន្ដតែម្ដង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ពិតណាស់យើងមិនទាន់មានលទ្ធភាព ដើម្បីគ្រប់គ្រងលើបញ្ហាអាកាសធាតុក៏ពិតមែន ប៉ុន្ដែបញ្ហាអាកាសធាតុភ្លៀងធ្លាក់នេះ មិនអាចរាំងស្ទះដល់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលបាននោះទេ ពោលអាចត្រឹមតែរំខានបន្ដិចបន្ទួចប៉ុណ្ណោះ។ តែជាក់ស្ដែងដំណើរការទាំងមូល នៃពិធីបុណ្យសមុទ្រឆ្នាំ២០២៣ ជុំទី៣ នៅខេត្តកែប បានប្រព្រឹត្តទៅដោយជោគជ័យ។

សម្ដេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងថា ការដំណើរការទៅបាននូវការប្រារព្ធពិធីផ្សេងៗ ជាក់ស្ដែងប៉ុន្មានថ្ងៃកន្លងទៅនេះ កម្ពុជា ទើបបិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជាមួយទេសចរណ៍ជាតិ និងអន្ដរជាតិរាប់លាននាក់ បានចូលរួមទស្សនាកម្សាន្ដដោយជោគជ័យ គឺដោយការកត្តានៃសុខសន្ដិភាព ក៏ដូចជាការយកឈ្នះលើជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរក្សាឲ្យបាននូវសុខសន្តិភាព ទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីបន្ដការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ក្នុងនោះ រួមទាំងវិស័យទេសចរណ៍ផងដែរ ម្ល៉េះបើគ្មានសន្ដិភាពទេនោះ ច្បាស់ណាស់ប្រជាពលរដ្ឋក៏មិនអាចមកលេងកម្សាន្ដនៅខេត្តកែប នាពេលនេះបាននោះដែរ៕