(ក្រចេះ)៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០៖១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង លើផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល) នៅចំណុចមុខផ្ទះរបស់ឈ្មោះ ជូត យ៉េង ស្ថិតនៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ (រវាងរថយន្ត និងក្មេងធ្វើដំណើរថ្មើរជើង)។

ហេតុការណ៍នេះ បង្កឡើងដោយរថយន្ត ម៉ាកវេអងផ្លូវ៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣F-២៣០៧ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ៤A-៨៩៦០ ដឹកថ្មម៉ាប។

អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់) បើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ បានធ្លាក់ថ្មចំនួន១ដុំ បណ្ដាលឲ្យប៉ះក្មេងស្រី ឈ្មោះ វឿន ស៊ូយ៉ុង អាយុ៥ឆ្នាំ (របួសធ្ងន់) រស់នៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្ដក្រចេះ។ ចំណែករថយន្ដយកទៅរក្សាទុក នៅអធិការនគរបាល ស្រុកចិត្របុរី ជាបណ្ដោះអាសន្ន៕