(កំពង់ឆ្នាំង)៖ ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រមូលផលស្រូវវស្សាប្រកបដោយទឹកចិត្តសប្បាយរីករាយ ព្រោះតែទិន្នផលស្រូវឆ្នាំនេះទទួលបានផលល្អ ពិសសគឺតម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ដែលពួកគាត់នឹកស្មាន មិនដល់ទាំងនេះ គឺមកពីការយកចិត្តទុកដាក់ការលើកកម្ពស់នូវវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល។

នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ បណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានចុះជួបជាមួយប្រជាកសិករជាច្រើននាក់ ដែលពួកគាត់កំពុងមមាញឹកក្នុងការប្រវាស់ដៃគ្នាប្រមូលផលស្រូវវស្សា លាយឡំទៅនឹងសំឡេងសើចសប្បាយខ្ញៀវខ្ញានៅក្នុងវាលស្រែ ហាក់ដូចពុំមានការនឿយហត់នោះឡើយ។

ខណៈនោះដែរ ប្រជាកសិករចំនួន៤រូប ក៏បានផ្ដល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មាន Fresh News អំពីទិន្នផលស្រូវ និងតម្លៃស្រូវឆ្នាំនេះដែលមានការវិវត្តជាងឆ្នាំមុនៗឲ្យដឹងថា ចំពោះទិន្នផលស្រូវឆ្នាំនេះកន្លែងណា ក៏ដូចកន្លែងណាដែរ គឺទទួលបានទិន្នផលខ្ពស់ ដោយសារតែឆ្នាំនេះដំណាំស្រូវទទួលបានរបបទឹកភ្លៀងគ្រប់គ្រាន់ ដែលពុំមានការលិចលង់ដូចឆ្នាំមុនៗដែលធ្វើឱ្យស្រូវត្រូវរលួយខូចខាតនាំឱ្យខាតបង់នោះឡើយ។

រីឯតម្លៃស្រូវវិញ គឺស្រូវគ្រប់ប្រភេទឆ្នាំនេះ ក៏ទទួលបានតម្លៃខ្ពស់ជាងឆ្នាំមុនៗ ដែលពូជស្រូវខ្សាយធម្មតាដែលប្រជាកសិករនៅតាមស្រុកស្រែចំការ ទីជនបទតែងនិយមធ្វើជារៀងរាល់ឆ្នាំ បើប្រៀបធៀបតម្លៃឆ្នាំមុនៗ ស្រូវខ្សាយចម្រុះហាលស្ងួតបានតម្លៃត្រឹមតែ៨០០ទៅ៩០០រៀលក្នុងមួយគីឡូក្រាម តែឆ្នាំនេះស្រូវខ្សាយចម្រុះហាលស្ងួតបានតម្លៃ១,៣០០រៀលក្នុង១គីឡូក្រាម។

ដោយឡែក ស្រូវរំដួល ឬផ្ការំដួល ឆ្នាំមុនៗស្រូវហាលស្ងួតបានតម្លៃត្រឹមតែមួយគីឡូ១,១០០រៀល តែឆ្នាំនេះស្រូវរំដួលហាលស្ងួតបានតម្លៃ១,៥០០រៀក្នុង១គីឡូក្រាម តម្លៃនេះធ្វើឲ្យប្រជាកសិករមានចិត្តសប្បាយរីករាយឥតឧបមា។

ពួកគាត់បានបន្តឲ្យដឹងទៀតថា ប្រសិនបើពួកគាត់មានស្រែច្រើន ឆ្នាំក្រោយគឺធ្វើស្រែពូជស្រូវខ្សាយ (ស្រូវចម្រុះ) ធម្មតាតែល្មមសម្រាប់ហូបកុំឲ្យពិបាកទិញគេ ហើយស្រែនៅសល់គឺធ្វើស្រូវរំដួលទាំងអស់ ព្រោះស្រូវនេះងាយ ក្នុងការថែទាំហើយបានតម្លៃខ្ពស់ថែមទៀតផង។

ចំពោះស្រូវបានតម្លៃខ្ពស់ជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ ប្រជាកសិករទាំងអស់មិនភ្លេចការថ្លែងអំណរគុណ និងដឹងគុណដោយអស់ពីដួងចិត្តដល់រាជរដ្ឋាភិបាលដែលបានលើកកម្ពស់នូវវិស័យកសិកម្មជាចម្បង ធ្វើឲ្យតម្លៃស្រូវឆ្នាំនេះឡើងថ្លៃខ្ពស់ នឹងអាចឡើងថ្លៃជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងធ្វើឲ្យកែប្រែជីវភាពប្រជាកសិករឱ្យមានជីវភាពធូរធារចាប់ពីពេលនេះតទៅ។

ពួកគាត់ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល មេត្តាជួយបញ្ចុះតម្លៃជីឲ្យបានចុះថ្លៃខ្លះ នោះប្រជាកសិករពិតជាបានកែប្រែជីវភាពយ៉ាងឆាប់រហ័ស ចំពោះអ្នកដែលមានមុខរបរធ្វើស្រែចម្ការនៅតាមទីជនបទស្រុកស្រែចម្ការផងដែរ។

ជុំវិញករណីខាងលើនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា តម្លៃស្រូវក្នុងសប្តាហ៍នេះគឺស្រូវក្រអូប (ស្ងួត) តម្លៃ១,៥៦០រៀលក្នុង១គីឡូ ក្រាមខ្ពស់ជាងឆ្នាំ២០២២ ចំនួន២២០រៀល ក្នុងមួយគីឡូក្រាម ស្រូវចម្រុះ (ស្ងួត)ជាមធ្យមតម្លៃ១,៣៥០រៀល ក្នុងមួយគីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន១០០រៀល ក្នុងមួយគីឡូក្រាម ស្រូវ IR (សើម) តម្លៃ៩៩០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន១៨០រៀលក្នុង១គីឡូក្រាម៕