(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ (ពាក់ព័ន្ធលួចម៉ូតូ) និងជាអ្នកប្រើប្រាស់ ហើយរក្សាទុកនូវសារធាតុញៀន ក្នុងចំណោមបក្ខពួក២នាក់ ដែលបានសហការគ្នាធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងបានសម្រេចរបស់ជនរងគ្រោះ ហើយរត់គេចខ្លួនបាត់ស្រមោលរយះពេល១០ថ្ងៃមុន ពេលនេះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវឃាត់ខ្លួនបានហើយ ខណះបក្ខពួកម្នាក់ទៀត កំពុងបន្តរត់គេចខ្លួន ថែមទាំងដកហូតបានវត្ថុតាងមួយចំនួន។

ប្រតិបត្តិការតាមស្រាវជ្រាវបង្ក្រាបជនសង្ស័យ បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់តាមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ក្រោមការសម្របសម្រួលដោយតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅចំណុចផ្សារចិន តាមបណ្ដោយផ្លូវលំ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាវេលាម៉ោង១៦៖២០នាទីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ម៉ៅ ហាប់ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលមួយកន្លែង តាមបណ្ដោយផ្លូវលំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ដា អាយុប្រហែល២៧ឆ្នាំ និងកំពុងបន្តរត់គេចខ្លួន។ ចំណែកជនរងគ្រោះឈ្មោះ ស៊ន វិស្សុត អាយុ១៩ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួលលេខ១២បេ ផ្លូវលេខ៧០ ក្រុម២៤១ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា សម្រាប់សម្ភារដែលបានបាត់បង់ក្នុងករណីនេះមានម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ ដែលមានលេខតួ និងលេខម៉ាស៊ីន ១០៦៧៥៥ ពាក់ផ្លាកលេខភ្នំពេញ ១AY-៨៧២១ ស្ថិតនៅចំណុចមុខបន្ទប់ជួលមួយកន្លែងលេខ១២បេ ផ្លូវលេខ៧០ ក្រុម២៤១ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ នាវេលាម៉ោងប្រហែល១១៖៣០កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាមលោកវរសេនីយ៍ទោ ម៉ម សាវន បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ៅ ហាប់ បានរកឃើញ និងដកហូតវត្ថុតាងមួយចំនួនរួមមាន៖
ម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពី ពណ៌ខ្មៅលាយខៀវ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ កំពង់ចាម ១I-០៥៨៨ និងបំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន១ និងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់ (តូច៣កញ្ចប់ និងធំ១កញ្ចប់) ជាមួយថង់តូចៗសម្រាប់ច្រកគ្រឿងញៀន ដែកកេះ ទួណឺវីស និងកាំបិតផងដែរ។

ជនសង្ស័យឈ្មោះ ម៉ៅ ហាប់ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា មុនកើតហេតុ បក្ខពួកគេម្នាក់ទៀតឈ្មោះ ដា បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពី ពណ៌ខ្មៅលាយខៀវ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខកំពង់ចាម ១I-០៥៨៨ (ឈ្មោះដាអ្នកឌុប) ដោយជិះម៉ូតូចេញពីម្ដុំមជ្ឈមណ្ឌលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន សំដៅស្វែងរកធ្វើសកម្មភាពលួចផ្សេងៗ។

នៅពេលជនសង្ស័យទាំង២នាក់ ជិះបើកម៉ូតូឌុបគ្នាមកដល់ចំណុចកើតហេតុ ក៏បានឃើញម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១AY-៨៧២១ ដែលបានចតទុក ហើយមានកូនសោម៉ូតូដោតជាប់នៅនឹងកុងតាក់ម៉ូតូរួចជាស្រេច ហើយស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ល្អ ទើបពួកគេឈ្មោះ ដា ប្រាប់ឲ្យបក្ខពួកឈ្មោះ ម៉ៅ ហាប់ រងចាំនៅនឹងម៉ូតូ និងជួយមើលផ្លូវ ដើម្បីផ្ដល់ឪកាសឲ្យរូបគេ (ឈ្មោះដា) ដើរសំដៅទៅធ្វើសកម្មភាពឡើងជិះម៉ូតូ (ស៊ុយហ្ស៊ុយគីស្មាស់) និងឆ្កិះសោបញ្ឆេះលួចយកបានសម្រេចរបស់ជនរងគ្រោះ ហើយនាំគ្នាជិះរត់គេចខ្លួនបាត់តែម្ដង ស្ថិតនៅចំណុចមុខបន្ទប់ជួលលេខ១២បេ ផ្លូវលេខ៧០ ក្រុម២៤១ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ នាវេលាម៉ោងប្រហែល១១៖៣០នាទីកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

យ៉ាងណាក៏ដោយ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បាននិងកំពុងស្វែងរកចាប់ខ្លួនបក្ខពួកជនសង្ស័យម្នាក់ទៀត ដែលកំពុងបន្តរត់គេចខ្លួន ហើយសម្រាប់ជនសង្ស័យដែលឃាត់ខ្លួនបាន ពាក់ព័ន្ធករណីលួចម៉ូតូ និងជាអ្នកប្រើប្រាស់ ហើយរក្សាទុកនូវសារធាតុញៀន កំពុងស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្ន ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕