(រតនគិរី)៖ ម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» នៅក្រុងបានលុង ខេត្តរតនគិរី ឈ្មោះ លុយ ទី ដែលមានតួនាទីសមាជិកក្រុមប្រឹក្សាសង្កាត់ឡាបានសៀក ត្រូវបានសាលាដំបូងខេត្តសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោយចាប់ខ្លួនបន្ទាប់ពីព្យាបាលអ្នកជំងឺម្នាក់បណ្ដាលឲ្យស្លាប់ សង្ស័យប្រតិកម្មជាមួយថ្នាំ។ នេះបើតាមលោក កែវ ពិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។

ប្រភពព័ត៌មាន បានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ កន្លែងឱសថស្ថាន «ពន្លឺសុខភាព» បានទទួលអ្នកជំងឺម្នាក់ឈ្មោះ ប្រាក់ សុភាព អាយុ៣៩ឆ្នាំ មុខរបរកម្មករជៀជ័រកៅស៊ូ និងមានប្រពន្ធឈ្មោះ ឈួន ស្រីរ័ត្ន អាយុ២៩ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង។ ភរិយាជនរងគ្រោះរៀបរាប់ឲ្យដឹងថា ប្តីគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយដួលម៉ូតូ ពេលកំពុងដឹកជ័រកៅស៊ូយកមកផ្ទះ គឺបោកត្រូវចំដើមទ្រូងដោយភ័យខ្លាចរបួសធ្ងន់ធ្ងរនោះ នៅរសៀលថ្ងៃដដែល ក៏នាំប្តីទៅព្យាបាលនៅកន្លែងឱសថស្ថានខាងលើ។

ភរិយាជនរងគ្រោះបន្តថា គ្រូពេទ្យបានព្យួរសេរ៉ួមប្តីគាត់អស់៤-៥កំប៉ោក ក្នុងរយៈពេល៧ម៉ោង ប៉ុន្តែអ្នកជំងឺមិនធូរស្រាលសោះ។ ឃើញសភាពបែបនេះក្រុមគ្រួសារ បានសុំគ្រូពេទ្យយកអ្នកជំងឺចេញ តែប្រធានគ្រប់គ្រងនៅទីនោះមិនព្រមឲ្យយកអ្នកជំងឺចេញ ហើយថែមទាំងប្រាប់ថា គេចេះព្យាបាលហើយ។ ប៉ុន្តែអ្វីដែលក្រុមគ្រូពេទ្យឱសថស្ថាន «ពន្លឺសុខភាព» បានអះអាងនោះ មិនអាចជួយសង្គ្រោះជីវិតបានឡើយពោល គឺអ្នកជំងឺមានអាការៈធ្ងន់ធ្ងរប្រកាច់ទាំងដៃជាប់សេរ៉ូម រហូតដាច់ខ្យល់ស្លាប់ទើបព្រមឲ្យយកសពចេញទៅផ្ទះ។

តាមសេចក្ដីរាយការណ៍ផ្សេងទៀត បានឲ្យថា លោក លុយ ទី ម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ធ្លាប់ជាប់ពន្ធនាគារម្តងរួចហើយ ករណីគប់គិតជាមួយបក្ខពួកឈ្មោះ ហេង រតនា អ្នកកាន់ឃ្លាំងឱសថ ពីបទលួចថ្នាំពេទ្យជាច្រើនប្រអប់ មានតម្លៃរាប់ម៉ឺនដុល្លារ ក្នុងឃ្លាំងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

បន្ទាប់មកលោក លុយ ទី ក៏ស្រាប់តែក្លាយជាសមាជិកក្រុមប្រឹក្សាសង្កាត់ឡាបានសៀក ក្រុងបានលុងថែមទៀតផង។

ដោយឡែកលោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក៏បានចេញសេចក្តីសម្រេចបិទបន្ទប់ពិគ្រោះ ព្យាបាលជំងឺ ស៊ឹម សនឡៃ ផងដែរ ដែលជាឪពុកក្មេករបស់ឈ្មោះ លុយ ទី។ ឱសថស្ថាន «ពន្លឺសុខភាព» លក់ថ្នាំពេទ្យឈរឈ្មោះដោយឱសថការី ស៊ឹម រតនា ប៉ុន្តែទទួលឲ្យអ្នកជំងឺចូលសម្រាកព្យាបាលជាហូរហែ ព្រោះនៅជាប់បន្ទប់ពិគ្រោះ ព្យាបាលជំងឺរបស់លោក ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត ដូច្នេះបុគ្គលិកធ្វើការនៅជាមួយគ្នាចល័តទៅមក៕