(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានចែកអំណោយជូនដល់អ្នកជំងឺដែលមានជីវភាពខ្វះខាតចំនួន៤៣នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកស្ទោង នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

លោក សាយ គឹមឡម ក៏បានផ្ដាំផ្ញើដល់អ្នកជំងឺ និងអ្នកមើលថែទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវេជ្ជបញ្ជា ត្រូវមានអនាម័យខ្ពស់ ហើយត្រូវថែរក្សាទុកដាក់ប័ណ្ណសមធម៌ឱ្យបានល្អ និងយកមកជាមួយនៅពេលទៅព្យាបាលជំងឺផ្សេងៗនៅឯមន្ទីរពេទ្យ ហើយរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសភូមិ/ឃុំ នៅពេលដែលបាត់បង់ ឬស្នើសុំបន្ត។

លោកបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ផ្ដល់សេវា និងព្យាបាលអ្នកថែទាំអ្នកជំងឺប្រកបដោយក្រុមសីលធម៌វិជ្ជាជីវៈ រហូតបានទទួលនូវការជាសះស្បើយគ្រប់ៗគ្នា ដោយបានចំណាយពេលវេលាជួយសង្គ្រោះដល់ពលរដ្ឋដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះផងដែរ។

លោកបានណែនាំ និងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលមានបានប័ណ្ណសមធម៌ ក៏ដូចជាប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ សូមអញ្ជើញមកទទួលសេវាព្យាបាលជំងឺទូទៅនៅមន្ទីរពេទ្យបង្អែកស្ទោងដោយឥតគិតថ្លៃ ទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក៏ដូចជាគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទន្ទឹមនេះដែរ អ្នកជំងឺទាំងអស់ដែលបានអញ្ជើញមកពីបណ្ដាលស្រុកផ្សេងៗ ដូចជា ស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង្ក ស្រុកជីក្រែង ខេត្តសៀមរាប ក៏ដូចជាស្រុកស្ទោងទាំងមូល ក៏បានកើតសរសើរនិងថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ក្រុមគ្រូពេទ្យគ្រប់រូប ដែលបានខិតខំយកចិត្តទុកដាក់មើលថែ ព្យាបាលនិងផ្ដល់សេវាទូទៅដល់ដល់ពួកគាត់មិនថាយប់ឬថ្ងៃ ដើម្បីព្យាបាលពួកគាត់បានជាសះស្បើយពីជំងឺបានឆាប់ត្រឡប់ទៅផ្ទះវិញគ្រប់ៗគ្នា។
គួរបញ្ជាក់ថា អំណោយដែលអ្នកជំងឺម្នាក់ៗទទួលបាននៅក្នុងឱកាសនេះ រួមមាន៖ អង្ករ១បេ មី១កេស និងទឹកត្រី១យួរផងដែរ៕