(ម៉ាឡេស៊ី)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានចូលជួបសម្តែងការគួរសមជាមួយ លោក Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីយប់ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមវេទិកាធុរកិច្ចមុស្លិមជាសាកល ចំនួន៣ថ្ងៃ ពីថ្ងៃទី២៨ ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ «នវានុវត្តន៍ និងបម្រែបម្រួលក្នុងសេដ្ឋកិច្ចឥស្លាម»

វេទិការនេះ រៀបចំដោយរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ សហការជាមួយវិទ្យាស្ថានយុទ្ធសាស្ត្រ KSI សម្រាប់អាសុីប៉ាស៊ីហ្វិក បណ្ដាញក្រុមហ៊ុនឯកជនម៉ាឡេស៊ី (Think Tank) សភាពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្មអន្តរជាតិ (ICCIA) ដែលមានទំនាក់ទំនងជាមួយអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងមូលនិធិ Glodal One UK។

ពិធីបើកវេទិកាធុរកិច្ចនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេសុី, លោក Ma'ruf Amin អនុប្រធានាធិបតីឥណ្ឌូនេសុី និងលោក Datuk Patinggi Tan Sri (Dr) Abang Haji Abdul Rahman Zohari bin Tun Datuk Abang Haji Openg ប្រធានរដ្ឋសហព័ន្ធ​ ព្រមទាំងមានវាគ្មិនមកពីបណ្ដាប្រទេសចំនួន៣៧ប្រទេស​ និងមានអ្នកចូលរួមសរុប១,០៤០នាក់។

ក្នុងទិវានោះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់​ ​បានមានចំណាប់អារម្មណ៍ផ្សព្វផ្សាយពីសក្ដានុពលវិនិយោគនៅកម្ពុជា និងបានអំពាវនាវឲ្យវិនិយោគិន អញ្ជើញមកពិនិត្យធ្វើការវិនិយោគនៅកម្ពុជា ដែលមានសក្ដានុពលវិនិយោគជាច្រើន។ ជាពិសេសគឺការកែច្នៃលើផលិតផលបន្ថែម ដែលកន្លងមកកម្ពុជានៅមានការខ្វះខាតម៉ាសុីនកិនស្រូវ ម៉ាស៊ីនបកវេចខ្ចប់គ្រាប់ស្វាយចន្ទីជាដើម។

លោកបានលើកឡើងថា កម្ពុជាមានស្រូវជាច្រេីនលានតោន និងគ្រាប់ស្វាយចន្ទីជាង១លានតោន ដែលត្រូវនាំចេញដោយពុំមានការវេចខ្ចប់គ្រប់គ្រាន់។ សព្វថ្ងៃកម្ពុជាជាប្រទេសជាប់លំដាប់លេខមួយ លេីពិភពលោក ដែលមានគ្រាប់ស្វាយចន្ទីជាង១លានតោន។

លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានជម្រាបនៅក្នុងវេទិកាថា កម្ពុជាកំពុងពិនិត្យជំរុញពង្រីកលេីវិសាលភាព នៃឧស្សាហកម្មហាឡាលម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក សម្រួលដល់អ្នកទេសចរណ៍​ និងបម្រើការនាំចេញ ដែលកម្ពុជាមានភាពងាយស្រួល​ ព្រោះតែកម្ពុជាមានវត្ថុធាតុដើម​ ផលិតផលកសិកម្មក្នុងប្រទេសស្រាប់ រីឯតម្លៃពលកម្មក៏នៅសមរម្យ ដែលនេះគឺជាឱកាសរបស់វិនិយោគិនទាំងក្នុងស្រុក និងបរទេសផងដែរ៕