(ភ្នំពេញ)៖ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានស្នើឲ្យអ្នកប្រើប្រាស់សេវាធនាគារ រួមទាំងសេវាធនាគារឌីជីថល សូមយកចិត្ដទុកដាក់ខ្ពស់ ក្នុងការរក្សាសុវត្ថិភាពព័ត៌មាន គណនីបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន។

ការស្នើបែបនេះធ្វើឡើងក្នុងឱកាសដែល លោក ហេង បូមករា អញ្ជើញចូលរួម ក្នុងវេទិកាពិភាក្សាសេដ្ឋកិច្ច និងធុរកិច្ច ផ្តោតលើប្រធានបទ ធនាគារឌីជីថល ដែលរៀបចំដោយ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។

លោក ហេង បូមករា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមស្នើឲ្យអ្នកប្រើប្រាស់សេវាធនាគារ រួមទាំងសេវាធនាគារឌីជីថល សូមយកចិត្ដទុកដាក់ខ្ពស់ ក្នុងការរក្សាសុវត្ថិភាពព័ត៌មាន គណនីបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន»

បន្ថែមពីនោះទៀតលោក ហេង បូមករា ក៏បានប្រាប់ឲ្យស្វែងយល់ នៃការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនពេលផ្ទេរប្រាក់ តាមកម្មវិធីទូរស័ព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងារ ដោយត្រូវផ្ទៀងផ្ទាត់ លេខទូរស័ព្ទ, លេខគណនី និងអត្ដសញ្ញាអ្នកទទួលប្រាក់ជាដើម -ល- ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។

អគ្គនាយករងត្រួតពិនិត្យទី១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ចំណោះដឹងផ្នែកហិរញ្ញវត្ថុ និងហិរញ្ញវត្ថុឌីជីថល គឺជាកិច្ចការដ៏សំខាន់មួយ ដើម្បីធានាបាន នៃការចូលរួមពេញលេញរបស់ប្រជាជន នៅក្នុងសង្គមឌីជីថល ប្រកបដោយបរិយាប័ន្នចរីភាព។

លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេស៊ីលីដា បានឲ្យដឹងថា វេទិកាពិភាក្សាសេដ្ឋកិច្ចនេះ ជាសហកម្មវិធីសិក្សា (Co-Curricular) ដែលវិទ្យាស្ថាន បានយកចិត្តទុកដាក់ ក្នុងការផ្សារភ្ជាប់កម្មវិធីសិក្សា ទៅនឹងឧស្សាហកម្មពាក់ព័ន្ធ រួមមាន៖ បច្ចុប្បន្នភាពធុរកិច្ច និងសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងវិស័យធនាគារ នាសម័យឌីជីថល។

លោកបណ្ឌិត ផុន ណារិន បន្ដទៀតថា វេទិកាពិភាក្សាសេដ្ឋកិច្ចនេះ ក៏ជាការផ្តល់ឱកាសដល់និស្សិត ក្នុងការសិក្សាស្វែងយល់ផ្ទាល់ពីអ្នកជំនាញ នៅក្នុងវិស័យដែលជាប់ពាក់ព័ន្ធ ក៏ដូចជាឱកាស ក្នុងការបង្កើតបណ្តាញទំនាក់ទំនង ជាមួយដៃគូសហការ និងនិយោជកដែលមានសក្តានុពល -ល-។

សូមជម្រាបថា គោលបំណងវេទិកាពិភាក្សាសេដ្ឋកិច្ច និងធុរកិច្ចនេះ គឺដើម្បី៖

* លើកកម្ពស់ការយល់ដឹងអំពីនិន្នាការ និងការអភិវឌ្ឍន៍ចុងក្រោយបំផុត នៅក្នុងធនាគារឌីជីថល
* កំណត់កត្ដាប្រឈម និងឱកាសដែលធនាគារឌីជីថលអាចជួបប្រទះ សម្រាប់ប្រតិបត្ដិការ និងអ្នកប្រើប្រាស់
* សម្របសម្រួលកិច្ចពិភាក្សា និងកិច្ចសហការរវាងអ្នកជំនាញមកពីផ្នែកធនាគារ អ្នកជំនាញផ្នែកបច្ចេកវិទ្យា និងអ្នកបង្កើតបទប្បញ្ញត្ដិ
* ផ្ដល់អនុសាសន៍សម្រាប់អ្នកបង្កើតគោលនយោបាយ និងនិយ័តករ អំពីរបៀបគាំទ្រដល់ការរីកចម្រើន នៃធនាគារឌីជីថលប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវ៕