(កំពង់ធំ)៖ ទេសរដ្ឋមន្ត្រី ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាអនុប្រធានទី១ អមដំណើរដោយលោក ងួន រតនៈ អភិបាលខេត្ត ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ ប្រធានមន្ទីរជុំវិញខេត្ត កងប្រដាប់អាវុធទាំង៣្រភេទ មន្ត្រីរាជការជាច្រើននាក់ បានរៀចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ) ស្ថិតនៅភោជនីយដ្ឋាន ឡូវ គឹមសេង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។

នាឱកាសនោះលោកបណ្ឌិត ថោង ខុន បានថ្លែងថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មពោធិសាល ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត គឺជាបុព្វការីដ៏មានគុណបំផុត។

លោកថា​ រណសិរ្សនេះហើយដែលនាំមកនូវមហាជ័យជំនះ ៧ មករា ដែលបានសង្គ្រោះជីវិត ប្រជាជនកម្ពុជាឱ្យឱ្យរួចផុតពីសេចក្ដីស្លាប់ និងបានរស់នៅក្នុងកិត្តិយស សេចក្ដីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើន សម្បូរសប្បាយ និងសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេល និងគ្រប់ទីកន្លែង។

លោកទេសរដ្ឋមន្រ្តី បានបន្តថា ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះបុព្វការី និងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺចងចាំជានិច្ចដោយចាត់ទុក រណសិរ្ស២ធ្នូ គឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងទាំងអស់គ្នា រួមរស់ក្រោមទង់បក្ស រាជរដ្ឋាភិបាល និងរណសិរ្សដើម្បីថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍរបស់សង្គមជាតិ រក្សាឧត្តមគតិស្នេហាជាតិ និងការបង្រួបបង្រួមជាតិរបស់អគ្គស្ថាបនិករណសិរ្ស ២ធ្នូ ជំរុញបង្កើនសមាជិក សមាជិការណសិរ្ស និងបំផុសចលនាមហាជនឱ្យគាំទ្រគណបក្សប្រជាជនកម្ពុជា។

ទេសរដ្ឋមន្ត្រី ថោង ខុន បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវលើកកម្ពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីភាព ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សាភ្ជាប់ជាមួយប្រជាជន បម្រើប្រជាជនឱ្យអស់កម្លាំងកាយចិត្ត។ បំផុសចលនាសមាជិក សមាជិការណសិរ្ស ទប់ស្កាត់ឱ្យបានដាច់ខាតនូវរាល់សកម្មភាពទាំងឡាយ ដែលនាំឱ្យបាត់បង់សុខសន្តិភាព និងការអភិវឌ្ឍ។ ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក។ គោរព និងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ គាំទ្រ និងរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕