(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង សហការជាមួយសមាគមជនជាតិជប៉ុននៅកម្ពុជា នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងកម្ពុជា-ជប៉ុន នៅខេត្តសៀមរាប ដោយមានគាំទ្រដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។ 

ព្រឹត្តិការណ៍នេះក៏មានការសម្ដែងជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមទស្សនាដោយសេរី រយៈពេល០២ថ្ងៃ ដោយចាប់ពីថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥៖០០នាទីល្ងាច រហូតដល់ម៉ោង ៩៖០០នាទីយប់ នៅបរិវេណខាងជើង នៃប្រាសាទបាយ័ន ខេត្តសៀមរាប។

លោក អេង ប៊ុនថេង សមាជិកលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានឲ្យដឹងថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងមារការផ្ដួចផ្ដើមពីសមាគមជនជាតិជប៉ុននៅកម្ពុជា និងសហការរៀបចំជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង រៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងកម្ពុជា-ជប៉ុន ដែលគាំទ្រដោយស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា សមាគមកាន់សៃ . អូសាកា សតវត្សន៍ទី២១ (មូលនិធិរំលឹកដល់ពិព័រណ៍ពិភពលោកឆ្នាំ១៩៧០)។

លោក អេង ប៊ុនថេង បានបន្តថា ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីផ្លាស់ប្តូរវប្បធម៌ប្រពៃណីកម្ពុជា-ជប៉ុន ហើយក្នុងនោះដែរក៏ផ្តោតទៅលើការផ្សព្វផ្សាយវិស័យទេសចរណរបស់កម្ពុជា ដល់ឆាកអន្តរជាតិ ក៏ដូចជាចូលរួមផ្សព្វផ្សាយទាំងអស់គ្នា ក្រោមពាក្យស្លោក (ពលរដ្ឋ១នាក់ ទេសចរណ៍១នាក់) ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោក អេង ប៊ុនថេង រំពឹងថានឹងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមទស្សនាច្រើន ដោយសារនៅពេលក្រុមការងារកំពុងរៀបចំ និងហ្វឹកហាត់ មានទេសចរណ័ជាតិ និងអន្តរជាតិជាច្រើន មកសួរនាំ និងផ្តិតរូបក្រុមការងារកំពុងរៀបចំផងដែរ។ ព្រឹត្តិការណ៍នេះក៏បានរៀបចំធ្វើឡើងនៅតំបន់ទេសចរណ៍វប្បធម៌របស់កម្ពុជាទៀត ដូច្នេះហើយនឹងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណី នឹងនាំយកនូវទស្សនីយភាពដ៏អស្ចារ្យ នឹង​ជា​ព្រឹ​ត្តិការណ៍​សិល្បៈ​ដ៏​ធំ​មួយ​ដោយ​មាន​សិល្បករ​-​សិល្ប​ការិនី កម្ពុជា និងជប៉ុន សម្តែងជាង ១០០នាក់ រួមមានទស្សនីយភាពដូចជា៖ ការសម្តែងវង់ភ្លេងខ្មែរចម្រុះ (កម្ពុជា) ការសម្តែង Classic/distant sound of deer (ជប៉ុន) ការសម្តែង Reison Kuroda/Smoke (ជប៉ុន) ការសម្តែង Dai Fujikura / Ai for sho (ជប៉ុន) ការសម្តែង Motoharu Kawashima / Aison-ritsu Doufu (ជប៉ុន) ការសម្តែង Classic / Dragonfly (Kse Diev) (ជប៉ុន) ការសម្តែង Yu Kuwabara / title, trio (ជប៉ុន) ការសម្តែងរបាំព្រះរាជទ្រព្យ (កម្ពុជា) ការសម្តែងល្ខោនខោល (កម្ពុជា) ការសម្តែងរបាំប្រពៃណីចម្រុះ និងទស្សនីយភាពពិសេស (កម្ពុជា) ការសម្តែង Noh (ជប៉ុន) ការសម្តែង Gagaku (ជប៉ុន) ការសម្តែងវង់តន្ត្រី ជុំគ្នារវាងសិល្បករ សិល្បការិនី កម្ពុជា-ជប៉ុន៕