(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបានថ្លែងថា ទោះក្នុងកាល:ទេស:ណាក៏ដោយ ត្រូវតែរក្សាសន្តិភាពឱ្យបានកុំចាំបាត់បង់ ទើបស្វែងរកមកវិញវាលំបាក់ណាស់។

លោកស្រី ឃួន ឃុនឌី ថ្លែងដូចនេះក្នុងកម្មវិធីមីន្ទិញអបអរសាទរខួបអនុស្សារីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ ធ្នូ ២០២៣) នៅក្នុងភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមសំណាក់ ព្រះសង្ឃ មន្ត្រីរាជការ ថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ៥០០នាក់។

ក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី បានរំលឹកនៃថ្ងៃចាប់ផ្តើមដំបូង នៃការរួមសាមគ្គីគ្នារវាងកងកម្លាំងស្នេហាជាតិធ្វើការរំដោះ ប្រទេសជាតិកម្ពុជាចេញរួចផុតពីររបបកាប់សម្លាប់ខ្មែរក្រហម ប៉ុល ពត ហើយរណសិរ្ស២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកចេញពីមហន្តរាយនៃរបបអាវខ្មៅប៉ុណ្ណោះទេ ប៉ុន្តែបានជួយកសាងស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

លោកស្រីក៏បានបញ្ជាក់ពីគុណបំណាច់ចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចទាំង៣ ព្រមទាំងយុទ្ធជន យុទ្ធនារីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងរំដោះប្រទេសជាតិ និងសូមធ្វើការគោរពវិញ្ញាណក្ខន្ធ ដល់អ្នកតស៊ូដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ និងបុព្វហេតុការពារកសាងអភិវឌ្ឍន៍ជាតិ។

លោកស្រីបានបន្តថា ទោះក្នុងកាល:ទេស:ណាក៏ដោយត្រូវតែរក្សាសន្តិភាពឱ្យបាន កុំចាំបាត់បង់ទើបស្វែង រកមកវិញវាលំបាក់ណាស់ នៅពីក្រោយនៃសន្តិភាព ការអភិវឌ្ឍដែលជាតិនិងប្រជាជនកម្ពុជា មានសព្វថ្ងៃគឺពោរពេញ ទៅដោយការលះបង់សព្វបែបយ៉ាងរបស់យុវជន និងមនុស្សជំនាន់មុន ពិសេសអតីតកាលកម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មរាប់មិនអស់ ពលរដ្ឋខ្មែរបានបាត់បង់ជីវិតជាច្រើនលាននាក់ ហើយអ្នកដែលនៅសេសសល់ ពីការស្លាប់បានខិតខំប្រឹងប្រេងតស៊ូ កសាងអភិវឌ្ឍន៍ប្រទេសឲ្យរស់រានជីវិតឡើងវិញនិងបានផ្តល់ផ្លែផ្កានាពេលបច្ចុប្បន្ន។

លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ យុវជន និងមន្រ្តីរាជការទាំងអស់ត្រូវចងចាំជានិច្ចស្មារតី ២ ធ្នូ ដែលជាកំលាំងសាមគ្គីជាតិយ៉ាងធំក្នុងការរំដោះប្រទេសពីរបបខ្មែរក្រហម ទាំងអស់នេះគឺជាមូលដ្ឋានមេរៀន ប្រវត្តិសាស្រ្តមួយសម្រាប់យើងក្នុងការពារប្រទេសជាតិ និងការពារសុខសន្តិភាពដើម្បីរក្សានូវការអភិវឌ្ឍដែលពលរដ្ឋកម្ពុជាយើងកំពុងទទួលបាននាពេលនេះ៕