(ភ្នំពេញ)៖ ក្នុងឱកាសអបអរខួបអនុស្សាវរីយ៍លើកទី៤៥ កំណើតទីភ្នាក់ងារសារព័ត៌មានកម្ពុជា SPK (បច្ចុប្បន្ន AKP) និងវិទ្យុសំឡេងប្រជាជនកម្ពុជា (បច្ចុប្បន្ន វិទ្យុជាតិកម្ពុជា) ០៣ ធ្នូ ១៩៧៨-០៣ ធ្នូ ២០២៣ និងខួបអនុស្សាវ រីយ៍លើកទី៤០ នៃកំណើតទូរទស្សន៍ជាតិកម្ពុជា ០៣ ធ្នូ ១៩៨៣-០៣ ធ្នូ ២០២៣ ក្នុងនាមក្រសួងព័ត៌មាន, លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន សូមគោរពដឹងគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានលះបង់អាយុជីវិត កម្លាំងកាយចិត្ត បញ្ញាក្នុងការបង្កើតប្រព័ន្ធផ្សព្វផ្សាយជាតិឡើងវិញ ក្រោយពីបំផ្លិចបំផ្លាញស្ទើរគ្មានសល់ក្រោមកណ្តាប់ដៃនៃរបបខ្មែរក្រហម ប៉ុល ពត។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «ប្រព័ន្ធផ្សព្វផ្សាយជាតិនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរ នៃការស្តារនិងកសាងជាតិកម្ពុជាឡើងវិញពីគំនរផេះផង់ ឈាមនិងទឹកភ្នែក»។

បើតាមរដ្ឋមន្រ្តីក្រសួងព័ត៌មាន, នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៧៨ ប្រជាជនកម្ពុជា បានអបអរសាទរចំពោះសិទ្ធិសេរីភាពក្នុងការទទួលបាននូវព័ត៌មានឡើងវិញ ដោយសារតែសារព័ត៌មានកម្ពុជា ឬ SPK ត្រូវបានបង្កើតឡើងវិញ ពោលគឺមួយថ្ងៃក្រោយការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះ ជាតិ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ បន្ទាប់មក វិទ្យុសំឡេងប្រជាជនកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថាវិទ្យុជាតិកម្ពុជា ក៏ត្រូវបានបង្កើតឡើងផងដែរ និងបានដំណើរការ ផ្សព្វផ្សាយ របស់ខ្លួនរហូតមកទល់សព្វថ្ងៃនេះ។

លោករដ្ឋមន្រ្តី បានរម្លឹកថា អនុស្សាវរីយ៍ នៃដំណើរការរបស់វិទ្យុសំឡេងប្រជាជនកម្ពុជានៅពេលនោះ គឺការអត្ថាធិប្បាយព័ត៌មានបានប្រព្រឹត្តទៅដោយមានតែមីក្រូមួយទេដាក់នៅចំកណ្តាល សម្រាប់ឲ្យអ្នកសារព័ត៌មានពីរនាក់ អានបណ្តាក់គ្នា។

លោកថា «ថ្ងៃទី៣ ធ្នូ ឆ្នាំ១៩៧៨ ជាព្រឹត្តិការណ៍ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចងចាំមិនអាចបំភ្លេចបានឡើយ ព្រោះវាជាលើកដំបូងសម្រាប់ការចាប់ផ្តើមនៃការផ្សាយឡើងវិញនូវព័ត៌មាន និងរូបថតជាផ្លូវការ ជាពិសេសការផ្សាយស្តីពីព្រឹត្តិការណ៍នៃចលនារំដោះជាតិ ២ ធ្នូ ដ៏សំខាន់សម្រាប់ជាតិកម្ពុជាទាំងមូល ក្រោយពេលដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុង ភ្នក់ភ្លើងសង្រ្គាមនៃរបបខ្មែរក្រហម ដែលនៅក្នុងរបបប្រល័យ ពូជសាសន៍នោះ អ្វីៗត្រូវបានបំផ្លិចបំផ្លាញអស់ស្ទើរគ្មានសល់ រីឯវិស័យសារព័ត៌មានត្រូវបានរលាយសាបសូន្យអស់ ដោយពុំមានសារព័ត៌មានណាមួយអាចចេញផ្សាយបានទេ លើកលែងតែទស្សនាវដ្តី និងស្ថាននីយ៍វិទ្យុដែល គ្រប់គ្រងដោយអង្គការខ្មែរក្រហម សម្រាប់ផ្សព្វផ្សាយតែពាក្យស្លោកនៃលទ្ធិកុម្មុយនីស្តប៉ុណ្ណោះ»