(ភ្នំពេញ)៖ ក្រុមគ្រួសារជនរងគ្រោះ ដែលស្លាប់យ៉ាងអាណោចអាធម្ម ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តព្រូស របស់ជនបង្កបើកបញ្ច្រាសទិស បុកម៉ូតូជនរងគ្រោះយ៉ាងទំហឹង នៅរង្វង់មូលសួនច្បារកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីព្រឹកព្រលឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កំពុងដង្ហើយស្វែងរកយុត្តិធម៌។
ជនរងគ្រោះមានឈ្មោះ ចាន់ ប៉េងលាង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់គ្រឿងសក្ការៈបូជា មានទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក លាង តុលាមុន្នីរ័ត្ន កូនប្រុសជនរងគ្រោះ និងតំណាងឱ្យក្រុមគ្រួសារទាំងមូលបានបញ្ជាក់ថា សពឪពុករបស់លោកត្រូវបានរៀបចំធ្វើបុណ្យបូជាតាមប្រពៃណីរួចរាល់ហើយ។ ជាមួយគ្នានេះលោក និងគ្រួសារ សូមអំពាវនាវដល់កម្លាំងសមត្ថកិច្ចជំនាញ មេត្តាស្រាវជ្រាវស្វែងរកជនបង្កឱ្យឃើញ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ និងក៏ដូចជាផ្តល់យុត្តិធម៌ដល់ជនរងគ្រោះផងដែរ។
លោកបន្តថា មរណៈភាពរបស់ឪពុកលោក ក៏បានបន្សល់ទុកនូវភាពឈឺចាប់ធ្ងន់ធ្ងរដល់កូនៗ ពិសេសម្តាយរបស់លោក ដែលជាប្រពន្ធជនរងគ្រោះ កំពុងមានជម្ងឺមហារីកសុដន់ធ្ងន់ធ្ងរ ហើយឥឡូវបាត់បង់ស្វាមីជាទីស្រឡាញ់ថែមទៀត៕
ទស្សនាវិដេអូ៖ https://t.me/freshnewsasia/162354