(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ត្រូវបានជ្រើសរើសជាសមាជិកកិត្ដិយសក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ។ ពិធីប្រគល់លិខិតសមាជិកកិត្តិយសនេះ ត្រូវបានលោក Louis Thebault ប្រធានក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក នាំយកមកប្រគល់ជូនលោកទេសរដ្ឋមន្ដ្រីផ្ទាល់ នៅខេត្តសៀមរាប ក្នុងឱកាសទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៨ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នេះ។

លោក Louis Thebault បានឲ្យដឹងថា ក្នុងអង្គមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក កាលពីថ្មីៗ បានបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងលោកទេសរដ្ឋមន្ដ្រីជាសមាជិកកិត្តិយស ដោយអង្គមហាសន្និបាត បានចាត់ទុកលោកបណ្ឌិត ថោង ខុន ជាឥស្សរជនដ៏ឆ្នើម តាំងពីដំណាក់កាលដំបូង នៃការដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជា ចូលជាសមាជិកក្លិបឆ្នេរដែលស្អាតបំផុតលើពិភបលោក តាំងពីឆ្នាំ២០១០ និងយន្ដការជាបន្ដបន្ទាប់ ដូចជាគណៈកម្មការគ្រប់ក្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ការរៀបចំបុណ្យសមុទ្រ និងការរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកចំនួន ២ដង នៅកម្ពុជា។

លោកបន្ដថា «ឆ្នេរសមុទ្រកម្ពុជា បានបង្ហាញអំពីភាពស្រស់ស្អាតរបស់ខ្លួន សក្ដានុពលជាច្រើន រាប់បញ្ចូលតាំងពីកោះ ទីក្រុង តំបន់ព្រៃកោងកាងជាដើម ពិសេសបន្ទាប់ពីខ្ញុំបានទៅទស្សនកិច្ចនៅតំបន់ឆ្នេរខេត្តកំពត គឺឆ្នេរសមុទ្រកម្ពុជា នៅតែបង្ហាញពីភាពស្រស់ស្អាតរបស់ខ្លួន តាំងពីចូលជាសមាជិកក្លិប ។ ខ្ញុំសូមកោតសរសេរ ចំពោះឯកឧត្តមទេសរដ្ឋមន្ដ្រី ដែលកន្លងមកជារដ្ឋមន្ដ្រីផង និងជាតំណាងក្លិបឆ្នេរសមុទ្រកម្ពុជាផង បានធ្វើកិច្ចការជាច្រើន ដែលធ្វើឲ្យអន្ដរជាតិ បានស្ងើចសរសើរពីការគ្រប់គ្រងតំបន់ឆ្នេររបស់ខ្លួន» ។

ជាមួយការទទួលលិខិតសមាជិកកិត្តិយសខាងលើ លោកបណ្ឌិត ថោង ខុន បានសម្ដែងនូវសេចក្ដីរំភើបរីករាយ និងមោទនភាព ហើយចាត់ទុកជាកិត្តិយសរួម សម្រាប់ប្រទេសកម្ពុជា ក្រោមម្លប់សន្ដិភាព ដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាល ។

លោកទេសរដ្ឋមន្ដ្រីមានប្រសាសន៍ថា «ការទទួលបានសញ្ញាបត្រកិត្តិយសដ៏ធំធេងនេះ បានមកដោយសារការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោអតីតនាយករដ្ឋមន្ដ្រី និងសម្ដេចធិបតីនាយករដ្ឋមន្ដ្រីបច្ចុប្បន្ន ដែលកន្លងមកសម្ដេចទាំងពីរ បានដឹកនាំដ៏អស្ចារ្យ និងបានមកពីការខិតខំប្រឹងប្រែងពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងរដ្ឋបាលខេត្តជាប់ឆ្នេរទាំង ៤។ ខ្ញុំពិតជាមានក្ដីរំភើប និងកិត្តិយសខ្លាំងណាស់»

សូមបញ្ជាក់ថា ការប្រគល់លិខិតសមាជិកកិត្តិយសដល់លោកបណ្ឌិត ថោង ខុន ខាងលើ ស្របពេលលោក Louis Thebault បានដឹកនាំប្រតិភូ នៃក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក មកបំពេញទស្សនកិច្ចនៅកម្ពុជា ៕