(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អាស៊ាន បានចូលរួម ក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី៣៣ របស់សហព័ន្ធសមាគមបញ្ជូនទំនិញអាស៊ានAFFA (ASEAN Federation of Forwarders Association) ដែលបានធ្វេីឡេីងនៅសណ្ឋាគារណាហ្គាវើលដ៍ រាជធានីភ្នំពេញ។

មហាសន្និបាតនេះធ្វេីឡេីងនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធសំខាន់មួយចំនួនទៀត។

លោក ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលេីកឡេីងថា មហាសន្និបាតប្រចាំឆ្នាំលើកទី៣៣ របស់សហព័ន្ធសមាគមបញ្ជូនទំនិញអាស៊ាន ឆ្នាំ២០២៣ បានផ្តល់នូវវេទិកាយ៉ាងសំខាន់ សម្រាប់ឱ្យសមាជិក-សមាជិកា ព្រមទាំងអ្នកចូលរួមទាំងអស់ ពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពការងារ, សមិទ្ធផលសំខាន់ៗដែល AFFA សម្រេចបានក្នុងឆ្នាំកន្លងមក និងលើកទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំបន្ទាប់។

វេទិកានេះក៏បានផ្ដល់នូវលទ្ធភាពឱ្យអ្នកចូលរួម និងធុរជនមានឱកាសបានជួបគ្នា ដើម្បីពិភាក្សាការងារបង្កើតបណ្តាញធុរកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលជាមួយឯកជន (G2B) និងឯកជនជាមួយឯកជន (B2B) ដើម្បីជំរុញការងាររបស់ AFFA ឱ្យកាន់តែមានប្រសិទ្ធភាព និងវឌ្ឍនភាពជាបន្តទៅទៀត។

លោក ហេង ណន បានចាត់ទុកវិស័យដឹកជញ្ជូន និងឡូជីស្លឹក មានលក្ខណៈប្រទាក់ក្រឡាគ្នា ព្រមទាំងបំពេញឱ្យគ្នាទៅវិញទៅមក ដើរតួនាទីយ៉ាងសំខាន់ជាឆ្អឹងខ្នងនៅក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ។ ការរៀបចំប្រព័ន្ធដឹកជញ្ជូន និងឡូជីស្លឹក ប្រកបដោយប្រសិទ្ធភាព មិនគ្រាន់តែជួយកាត់បន្ថយ តម្លៃដឹកជញ្ជូន និងឡូជីស្លឹក និងធ្វើឱ្យប្រសើឡើងនូវប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃប៉ុណ្ណោះទេ តែថែមទាំងជួយបង្កើននូវភាពប្រកួតប្រជែង, ផលិតភាព, ទាក់ទាញវិនិយោគិន, បង្កើតការងារជូនប្រជាពលរដ្ឋ និងជួយជុំរុញការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោកផងដែរ។

លោករដ្ឋលេខាធិការបានឱ្យដឹងថា អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមាន លោក ម៉េង ពោធិ៍នា ជារដ្ឋមន្ត្រីបានបន្តខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធដឹកជញ្ជូន និងឡូជីស្លឹកយ៉ាងច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា គម្រោងសំខាន់ៗ ដែលបាននិងកំពុងអនុវត្ត រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៖ ទី១ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានដាក់ឱ្យដំណើរការនៅក្នុងខែតុលា ឆ្នាំ២០២២, ទី២ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងសាងសង់, ទី៣ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត កំពុងដំណើរការ ការសិក្សាសមិទ្ធិលទ្ធភាព។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាស៖ អាកាសយានដ្ឋានយន្តហោះអន្តរជាតិថ្មី សៀមរាប-អង្គរ បានដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, និងអាកាស យានដ្ឋានយន្តហោះអន្តរជាតិថ្មីភ្នំពេញ-តេជោ។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក៖ គម្រោងព្រែកជីកហ្វូណន-តេជោ និងគម្រោងពង្រីក កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ។ មជ្ឈមណ្ឌលឡូជីស្លឹក៖ ទី១ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញទី២ មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ។

បន្ថែមលើនេះទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការសហការជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានរៀបចំផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ការតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដោយទទួលបានការអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាលនៅខែសីហា ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ។

ផែនការមេគ្រប់ជ្រុងជ្រោយនេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន និងឡូជីស្លឹក នៅតាមច្រករបៀងសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសកម្ពុជាចំនួន ៣ គឺ ភ្នំពេញ-ក្រុងព្រះសីហនុ, ភ្នំពេញ-បាវិត និង ភ្នំពេញ-ប៉ោយប៉ែត ដោយបានដាក់ចេញនូវគម្រោងចំនួន ១៧៤ ទាំងផ្នែកទន់ និងផ្នែករឹង មានទំហំថវិកាវិនិយោគប្រមាណ ៣៦,៦ ប៊ីលានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ ខាងមុខ។

លោករដ្ឋលេខាធិការ ក៏បានចាត់ទុកវិស័យឯកជនជាដៃគូអភិវឌ្ឍន៍ ដែលមិនអាចខ្វះបាន និងជាចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សន្យាបន្តកិច្ចសហប្រតិបត្តិការ និងធ្វើការងារយ៉ាងជិតស្និតជាមួយផ្នែកឯកជន បង្កើតបរិយាកាសធុរកិច្ចល្អដើម្បីទាក់ទាញការវិនិយោគនៅកម្ពុជា៕