(កែប)៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ និង៤៣០ ប្រចាំខេត្តកំពត-ខេត្តកែប ដើម្បីសហការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកកម្សាន្ដក្នុងឱកាសប្រារព្ធពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅខេត្តកែប (កម្មវិធីថ្ងៃទី៣)។

ក្នុងបេសកកម្មនេះ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ប្រើប្រាស់មធ្យោបាយ ចំនួន១២គ្រឿង (នាវាល្បាតកម្លាំង១,៦០០សេះ ចំនួន០១គ្រឿង, អូប័រកម្លាំងប្រដេញកម្លាំង៧០០សេះ ចំនួន ០៣គ្រឿង, អូប័រកម្លាំង២០០សេះ ចំនួន ០៣គ្រឿង, អូប័រកម្លាំង៤០សេះ ចំនួន ០៤គ្រឿង, រថយន្តចំនួន០១គ្រឿង និងម៉ូតូចំនួន ០២គ្រឿង)។

ពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប បានប្រព្រឹត្តទៅចូលថ្ងៃទី៣ហើយ ក្រោមទិដ្ឋភាពសប្បាយរីករាយកុះករ ខណៈពិធីបិទបុណ្យសមុទ្រនេះនឹងធ្វើឡើង ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅម៉ោង៤រសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។

គួរជម្រាបថា ការរៀបចំពិធីបុណ្យសមុទ្រមានគោលបំណង នៃពិធិបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍ប្រកដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា ឱ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន៕