(ភ្នំពេញ)៖ ប្រធានរដ្ឋសភាជាតិថៃ បានកោតសរសើរការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងអ្នកបន្ដវេនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា។

មុនពិធីបើកសន្និបាតហាឡាលថៃ លើកទី១០ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ នាវេលាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសមជាមួយ លោក Wan Muhammad Noor Matha ប្រធានរដ្ឋសភាជាតិថៃ និងលោក Aroon Boonchom សៃឃុលឥស្លាមថៃ (ប្រធានគណៈកម្មការកណ្តាលឥស្លាមថៃ) ដែលទើបតែទទួលបានការបោះឆ្នោតជាប់ជាសៃឃុលឥស្លាមថ្មី លើកទី១៩ របស់ប្រទេសថៃ។

ក្នុងឱកាសនោះ លោក Wan Muhammad Noor Matha ប្រធានរដ្ឋសភាជាតិថៃ និងលោក Aroon Boonchom សៃឃុលឥស្លាមថៃ បានកោតសរសើរកម្ពុជា ដែលមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និងបានសន្យាបន្តពង្រឹងកិច្ចសហការគ្នាបន្តទៀត និងជួយការងារហាឡាលកម្ពុជាលើបច្ចេកទេស ដើម្បីឲ្យមានការរីកចំរើនបន្ថែមទៀត។

ក្នុងនោះ លោកបានកោតសរសើរការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងរីកចម្រើនរហ័សលើគ្រប់វិស័យ។

លោក Wan Muhammad Noor Matha បានជម្រាបលោក អូស្មាន​ ហាស្សាន់ថា​ លោក​នឹងចូលរួមពិធីពិសារអាហារសាមគ្គីស្រាយបួសជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅឆ្នាំក្រោយផងដែរ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយលោកបានសោកស្តាយដែលកាលពីពិធីស្រាយបួសរ៉ម៉ាឌនលើកមុនមិនបានចូលរួម ដោយជាប់រវល់ការងារបោះឆ្នោតនៅប្រទេសថៃ ហើយសម្រាប់ការស្រាយបួសឆ្នាំក្រោយ លោកនឹងរៀបចំពិធីអាហារស្រាយបួសក្នុងនាមសមាជិកសភាថៃ ដោយនឹងអញ្ជើញថ្នាក់ដឹកនាំខ្មែរឥស្លាមមកចូលរួមផងដែរ នៅសប្តាហ៍ទី១ នៃខែរ៉ម៉ាឌន(ខែមីនា ឆ្នាំ២០២៤)។

ក្នុងឱកាសនោះ លោក Surin Palarae សមាជិកសភាថៃ និងជាអគ្គលេខាធិការគណៈកម្មការកណ្តាលឥស្លាមថៃ បានអញ្ជើញលោកបណ្ឌិត អូស្មាន ហាស្សាន់ ទៅធ្វើជាវាគ្មិនពិសេស នៅពេលវេលាណាមួយសមស្រប ដើម្បីថ្លែងពីសុខដុមនីយកម្ម និងសមិទ្ធផលជាច្រើនដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ដល់គ្រប់ជនជាតិ និងសាសនានៅកម្ពុជា ជាពិសេស ដល់សហគមន៍ខ្មែរឥស្លាម ទៅដល់មេដឹកនាំឥស្លាមនៅតាមវិហារឥស្លាម (ម៉ាស្ជិទ) នៅទូទាំងប្រទេសថៃ។

សូមជម្រាបថា នៅឆ្នាំ២០១៥ លោកបណ្ឌិត អូស្មាន ហាស្សាន់ ធ្លាប់បានអញ្ជើញទៅថ្លែងសន្ទរកថានៅខេត្តប៉ាតានី ប្រទេសថៃ ដល់ថ្នាក់ដឹកនាំមុស្លិមថៃចំនួនជាង ៣០០០នាក់ នៅខេត្តភាគខាងត្បូងថៃចំនួន៥៕